(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដានេះ បានសម្រេចផ្តន្ទាទោស លោក អ៊ា​ សែ​ អតីត​ប្រធានការិយាល័យ អូស្ត្រាលី ញូស្ហេឡង់​ នៅនាយកដ្ឋាន​អាស៊ី២ នៃ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់ ៦លានរៀល ពាក់ព័ន្ធនឹងបទពុករលួយ ប៉ុន្តែទោសនេះនឹងឱ្យអនុវត្តតែ១ឆ្នាំប៉ុណ្ណោះ ទោសដែលសេសសល់ត្រូវព្យួរ។

ការប្រកាសសាលក្រមផ្តន្ទាទោស លោក អ៊ា សែ នាពេលនេះ ត្រូវបានធ្វើឡើងដោយ ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោក វ៉េង ហ៊ត់ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​​វិតិក្រម​ តាម​មាត្រា​៥៩២​ និង​ ៥៩៣​ នៃ​ក្រម​ព្រហ្មទណ្ឌ។ ចៅក្រមរូបនេះ ក៏បានទុកសិទ្ធិ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​១ខែ​ ប្រសិន​បើ​មិន​សុខ​ចិត្ត​នឹងការ​សម្រេច​របស់លោក។

សូមជំរាបថា មន្ត្រីក្រសួងការបរទេស លោក អ៊ា សែ អាយុ៤២ឆ្នាំ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅក្នុងក្រសួងការបទេស ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយតាមរូបភាព​ ទទួលលុយពីក្រុមហ៊ុនបរទេស ដើម្បី ប្រថាប់ត្រាបញ្ជាក់លើឯកសារ នាពេលកន្លងទៅ៕