(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង និងនគរបាលប៉ុស្តិភ្នំពេញថ្មី នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានយកសៀវភៅស្នាក់នៅ ទៅប្រគល់ជូនប្រជាពលរដ្ឋ ចំនួន២៩គ្រួសារ ស្ថិតនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីឲ្យប្រជាពលរដ្ឋទាំងនេះ យកទៅប្រើប្រាស់តាមតម្រូវការ។

លោក ម៉ក់ ហុង បានថ្លែងឲ្យដឹងថា កាលពីពេលកន្លងទៅ នៅភូមិគោកឃ្លាងនេះ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ធ្លាប់បានដឹកនាំរៀបចំធ្វើវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ ដែលពេលនោះនាយឧត្តមសេនីយ៍ស្នងការបានដាក់ ផែនការទៅកងកម្លាំងនគរបាល ទាំងថ្នាក់ខណ្ឌនិងសង្កាត់ ត្រូវពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គមកាន់តែខ្លាំងឡើង ហើយជាពិសេសនោះ គឺការផ្តល់សេវាសាធារណៈ គ្រប់យ៉ាងដល់ប្រជាពលរដ្ឋ។

លោក ម៉ក់ ហុង បានបន្តទៀតថា ក្រោយទទួលបទបញ្ជានេះ លោកបានដឹកនាំកម្លាំងចុះអនុវត្ត និងបង្ក្រាបបទល្មើស ជាបន្តបន្ទាប់ រហូតចាប់បាន មុខសញ្ញាចោរលួចគាស់ផ្ទះ និងគ្រឿងញៀនជាដើម ដែលធ្វើឲ្យពលរដ្ឋមានភាពកក់ក្តៅ និងមានអារម្មណ៍ស្រស់ថ្លា ក្នុងការរស់នៅ។

លោកអធិការ បានបន្តទៀតថា ក្រោយបង្ក្រាបបទល្មើសទាំងនេះ យ៉ាងមានប្រសិទ្ធភាពនោះ នគរបាលរបស់លោក បានខិតខំលើការ ពង្រឹងសេវាសាធារណៈ ជូនប្រជាពលរដ្ឋ រហូតនាំយកសៀវភៅស្នាក់នៅ មកប្រគល់នៅថ្ងៃនេះតែម្តង៕