(កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធដែលជាសម្ព័ន្ធនឹងពួក ISIS ចំនួន ១២២នាក់បានស្លាប់ក្នុងការវាយប្រហារនៅខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន តែក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះប៉ុណ្ណោះ។ នេះបើតាម ការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០១៦។

អ្នកនំាពាក្យអភិបាលខេត្តលោក Attaullah Khogiani បានប្រាប់ស៊ិនហួរទៀតថា «កងកម្លាំងរដ្ឋាភិបាលបានធ្វើ ការវាយប្រហារតាមថ្មើជើង និងផ្លូវអាកាស ដោយបានផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធ ISIS ចំនួន ១២២នាក់ និង ចាប់ខ្លួន ២០នាក់ផ្សេងទៀតនៅអំឡុងពេលប្រតិបត្តិការ ២៤ម៉ោងចុងក្រោយនេះ ក្នុងស្រុក Achin នៃខេត្ត Nangarhar»។

ដោយឡែកខាងក្រុមដឹកនាំពួក ISIS នៅក្នុងតំបន់ខាងលើនេះ មិនទាន់ចេញសារឆ្លើយតបណាមួយចំពោះការលើក ឡើងរបស់រដ្ឋបាលខេត្តនោះទេ។ កងកម្លាំងអាហ្វហ្គានីស្ថាន នៅបានប្រកាសទៀតថាពួកគេក៏បានសម្លាប់មេបញ្ជាការ កងកម្លាំងISIS ដ៏សំខាន់ឈ្មោះ Saad Emarati ក្នុងស្រុក Kot ផងដែរកាលពីយប់ថ្ងៃចន្ទ៕