(កណ្តាល)៖ លោកស្រី ឃួន សុដារី តំណាងរាស្ដ្រមណ្ឌលខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល​ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកលើកដែក បានថ្លែងថាអំណរគុណលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដែលបានចាត់វិធាន ការសាងសង់របាំងការពារច្រាំងទន្លេកុំឲ្យបាក់បន្តទៀត។  

លោកស្រី ឃួន សុដារី បានចាត់ទុកការជួយសាងសង់ របាំងការពារច្រាំងទន្លេនេះ គឺជាចំណាត់ការ ដ៏ទាន់សភាពការមួយជួយដល់ប្រជា ពលរដ្ឋ ដែលកំពុងប្រឈមការបាក់ច្រាំងទន្លេធ្ងន់ធ្ងរ ដែលអាចគំរាមកំហែងដល់ផ្លូវ និង ផ្ទះសម្បែងរបស់ពួកគាត់។

លោកស្រី ឃួន សុដារី បានថ្លែងថា «ក្នុងនាមតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ខ្ញុំ ឃួន សុដារី ជំំនួសមុខឲ្យប្រជាជនស្រុកលើកដែក ពិសេសប្រជាជនឃុំខ្ពបអាទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម»

សូមរំលឹកថា នៅថ្ងៃអាទិត្យ ទី២៤ ខែកក្កដា កន្លងទៅនេះ លោក លឹម គានហោ បានចាត់ចែងមន្រ្តីរបស់ខ្លួនសាងសង់ របាំងការពារច្រាំងទន្លេ បណ្តោះអាសន្ន ស្ថិតនៅចំណុចភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។ ការសាងសង់នេះ ធ្វើឡើងបន្ទាប់ពី ច្រាំងទន្លេប្រវែងប្រមាណ ៤០០ម៉ែត្រ ហើយការបាក់ច្រាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់ផ្លូវធ្វើដំណើរ របស់ប្រជាពលរដ្ឋផងដែរ។

បន្ទាប់ពីសំណង់ការពារច្រាំងទន្លេ ត្រូវបានសាងសង់រួចរាល់ ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ បានសម្តែងសេចក្តីត្រេកអរ និង ថ្លែងអំណរគុណលោក លឹម គានហោ ដែលបានជួយដោះស្រាយបញ្ហាប្រឈមនេះ បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពបំផុត៕