(សៀមរាប)៖ សិស្សានុសិស្ស២៥៥នាក់ នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ ត្រូវបាន លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ចែកវិញ្ញាបនបត្រជូន បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញ បដិសណ្ឋារកិច្ច និងទេសចរណ៍ ឆ្នាំសិក្សា២០១៥-២០១៦។

ការប្រគល់វិញ្ញាបនបត្រនេះ ត្រូវបានធ្វើឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញ បដិសណ្ឋារកិច្ច និងទេសចរណ៍ ដោយមានការចូលរួមពី លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងលោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប ព្រមទាំងមន្ដ្រីរាជការពាក់ព័ន្ធជាច្រើននាក់ផងដែរ។

សិស្សានុសិស្ស២៥៥នាក់ ក្នុងនោះស្រី១១៦នាក់ ដែលបានបញ្ចប់លើជំនាញធ្វើម្ហូប៤៩នាក់ ស្រី១៤នាក់ ធ្វើនំ បង្អែម និងការ៉េម៤៦នាក់ ស្រី២២នាក់ សេវាកម្មភោជនីយដ្ឋាន៣៨នាក់ ស្រី១៤នាក់។
 បន្ថែមពីនេះជំនាញ បដិសណ្ឋារកិច្ច៥១នាក់ ស្រី ២៦នាក់ ជំនាញទេសចរណ៍៧១នាក់ ស្រី៤០នាក់ និងសិស្ស១៥នាក់ទៀត បានទទួលវិញ្ញាបនបត្រជាន់ខ្ពស់ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ ផងដែរ។ ជាមួយគ្នានេះ ដែរសាលាបានផ្តល់ការលើកទឹកចិត្តជូនសិស្សជ័យលាភី១១រូប ចុះកម្មសិក្សានៅក្នុងបណ្តាប្រទេស អាស៊ានរយៈពេល ២ខែ និង១រូបទៀត ចុះទស្សនកិច្ចសិក្សា នៅសាលាសណ្ឋាគារ ឡូសាន ប្រទេសស្វីស៕