(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» បានសម្រេចទាមទារសំណងជំងឺចិត្ត២០ម៉ឺនដុល្លារ ពីអ្នកលេង Facebook ២នាក់ដែលបានបរិហារកេរ្តិ៍របស់នាង នៅលើបណ្តាញសង្គម Facebook ។ នេះបើតាមការអះអាងរបស់កញ្ញា ធី សុវណ្ណថា បន្ទាប់ពីចូលផ្តល់ចម្លើយ ក្នុងនាមជាដើមបណ្តឹង​ ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកមិញ។

កញ្ញា ធី សុវណ្ណថា បានទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ ដើម្បីបំភ្លឺក្នុងនាម ដើមបណ្តឹង លើអ្នកលេង Facebook ម្នាក់ដែលបានបរិហារកេរ្តិ៍របស់នាង។ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ នាងបានដាក់ពាក្យបណ្តឹងម្ចាស់គណនេយ្យ Facebook ឈ្មោះ ម៉ោញ សារ៉ាត់ (Mounh Sarath) បន្ទាប់ពីឈ្មោះនេះបានបង្ហោះអត្តបទមួយ ដែលកញ្ញាបានចោទថា ជាការបរិហារកេរ្តិ៍ និងជេរប្រមាថ មកលើរូបនាង។

កញ្ញា ធី សុវណ្ណថា បានបញ្ជាក់នៅក្នុងពាក្យរបស់ខ្លួនកាលពីខែមុនថា ឈ្មោះ ម៉ោញ សារ៉ាត់ បានចោទថា ការធ្វើវេទិការរបស់នាង នៅខេត្តឧត្តរមានជ័យ មានអ្នកចូលរួមត្រឹមតែ៧០នាក់ និងចោទថាបានធ្វើការកាត់តរូបភាព។ ធី សុវណ្ណថា បានហៅការលើកឡើងនេះ គឺជាការបរិហាកេរ្ដិ៍ និងខុសពីការពិត ដែលវេទិការរបស់នាងមានអ្នកចូលរួមរហូតដល់៩០០នាក់៕