(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានអញ្ជើញបើកសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាង «ផែនការយុទ្ធ សាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០១៦-២០២០» ដែលរៀបចំធ្វើនៅទីស្តីការ ក្រសួងបរិស្ថាន។

ក្នុងពិធីនេះ លោក​រដ្ឋមន្រ្តី រដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា ផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ របស់ក្រសួងបរិស្ថាន ដែលបានធ្វើការកែសម្រួល និងបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់នា ថ្ងៃនេះ ធ្វើយ៉ាងណារៀបចំនូវយុទ្ធសាស្រ្តបន្ទាន់ និងរយៈពេលវែងដើម្បីឱ្យក្រសួងបរិស្ថានមាន លទ្ធភាពក្នុងការចូលរួមចំណែកបំពេញតម្រូវការមុខងារឱ្យកាន់តែមានប្រសិទ្ធភាព និងពង្រឹង សមត្ថភាព របស់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមចំណែកក្នុងការបង្កើននូវការចូលរួម របស់ស្រ្តី បុរសក្នុងការអភិវឌ្ឍសង្គម។

លោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ ក្រសួងបរិស្ថាន បានប្រាប់ឲ្យដឹងថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបង្ហាញទិសដៅ និងសកម្មភាពសំខាន់ៗ របស់ផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុង វិស័យបរិស្ថាន ឆ្នាំ២០១៦-២០២០ ពិភាក្សាកែសម្រួល និងបន្ថែមចំណុចខ្វះខាត ពីគ្រប់នាយកដ្ឋាន ក្នុងការធ្វើឱ្យឯកសារ នេះមានសុគតភាព និងអាចអនុវត្តបានយ៉ាងមានប្រសិទ្ធភាព៕