(ស្ទឹងត្រែង)៖ សាលាខេត្តស្ទឹងត្រែង បានចេញមកបញ្ជាក់ជាថ្មីថា រាល់តូបនៅក្នុងផ្សារស្ទឹងត្រែង ឬហៅថា «មរតកតេជោ-រ៉ានី ស្ទឹងត្រែង » ដែលទើបសាងសង់ថ្មី គឺត្រូវបែងចែកទៅតាមប្លង់តូប នៅក្នុងផ្សារចាស់ ដោយមិនមានការលក់ដូរនោះឡើយ។

ការបញ្ជាក់ដូច្នេះ គឺបានធ្វើឡើងក្នុងពេល ដែលមន្រ្តីសាលាខេត្តស្ទឹងត្រែង បានចុះទៅជួបជជែកជាមួយ ក្រុមអាជីវករផ្សារស្តីពីការបែងចែក តូបនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះ។ សូមបញ្ជាក់ផ្សារស្ទឹងត្រែង ដែលស្ថិតនៅកណ្តាលក្រុងស្ទឹងត្រែង ត្រូវបានអគ្គិភ័យ ឆាបឆេះអស់ទាំងស្រុងកាលពីរាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ ពោលនៅមុនបុណ្យចូលឆ្នាំខ្មែរតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

អគ្គីភ័យនេះ បានធ្វើឲ្យក្រុមអាជីវករ ខាតបង់រាប់ម៉ឺនដុល្លារ។ បន្ទាប់ពីការឆាប់ឆេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសសាងសង់ផ្សារជូនអាជីវករឡើងវិញ ដោយពុំមាន គិតកម្រៃពីអាជីវករឡើយ។

សាលាខេត្តស្ទឹងត្រែងបានបញ្ជាក់តាមរយៈសេចក្តីប្រកាសរបស់ខ្លួនថា សាលាខេត្ត បន្តអនុវត្តតាមគោលការណ៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញឲ្យបានម៉ឺងម៉ាត់បំផុត។

តាមរយៈសេចក្តីប្រកាសនេះ បានបញ្ជាក់ថា «ពុំមានការសាងសង់តូបដោយអាជ្ញាធរខេត្ត ក្រុង សង្កាត់ ឬសមត្ថកិច្ចណាមួយ រួចលក់ ឬជូលទៅអាជីវករឡើយ។ សម្រាប់ការរៀបចំបែងចែកតូប គឺពុំមានការចាប់ឆ្នោត ក្នុងការផ្តល់តូបលក់ដូរជូនអាជីវករឡើយ ដោយធ្វើការបែងចែកតូបទៅតាមទីតាំងជួរតូប តាមជួរតូប ដែលបានលក់ដូរជាក់ស្តែងក្នុងទីតាំងផ្សារចាស់ ពោលគឺអាជីវករ ដែលមានតូបតាមជួរណា ត្រូវសង់តូបតាមជួរនោះដដែល នៅខាងក្នុងផ្សារថ្មី ព្រមទាំងមានទំហំតូបប្រហាក់ប្រហែលនឹង ទំហំតូបចាស់មុនពេលឆាបឆេះ»

បើយោងតាមក្រុមការងារសាងសង់ផ្សារ បានឲ្យដឹងថា ផ្សារស្ទឹងត្រែងថ្មីនេះ សាងសង់បានប្រមាណ ៧៥ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ ទាំងស្រុងនៅចុងឆ្នាំ២០១៦៕