(ស្ទឹងត្រែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាស ឧបត្ថម្ភសាលាមួយខ្នង មាន៦បន្ទប់ជូន សាលាបឋមសិក្សាសាមគ្គីអភិវឌ្ឍន៍ ខេត្តស្ទឹងត្រែង ដើម្បីសម្រូលដល់ការសិក្សារបស់សិស្សានុសិស្ស នៅតំបន់នោះ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ខណៈដែលសម្តេច បានចុះជួបសំណេះសំណាល និងទស្សនាដោយផ្ទាល់ នៅក្នុងសាលាបឋមសិក្សាសាមគ្គីអភិវឌ្ឍន៍ ខេត្តស្ទឹងត្រែង នៅថ្ងៃត្រង់ ទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ដដែលនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសសាធារណៈ ឧបត្ថម្ភសាលាមួយខ្នង ដែលមានពីរជាន់​ និង១២​បន្ទប់ជូន វិទ្យាល័យថ្មគ្រែ ក្នុងខេត្តក្រចេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរតាមរថយន្តពីរាជធានីភ្នំពេញឆ្ពោះទៅ កាន់ខេត្តស្ទឹងត្រែង និងក្រចេះ ដើម្បីពិនិត្យមើលនូវសមិទ្ធិផលនានា និងពិនិត្យដោះស្រាយបញ្ហាប្រឈមផ្សេងៗ នៅក្នុងមូលដ្ឋាន ព្រមទាំងជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តផងដែរ។

នេះជាការបន្តយុទ្ធនាការ ចុះគ្រប់២៥រាជធានី-ខេត្ត របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចបានចុះសំណេះសំណាលរួចហើយ ជាមួយមន្ត្រីរាជការ និងកំលាំងប្រដាប់អាវុធ នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ៕