(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសថា នៅឆ្នាំ ២០៣៣បេសកកម្មទៅកាន់ភពអង្គារ នឹងប្រព្រឹត្តដោយជំហានធំតែម្តង គឺមនុស្សនឹងធ្វើដំណើរទៅកាន់ភពក្រហមនេះ ហើយបើទោះបីជាមិនអាចធ្វើការ ចុះចតផ្ទាល់ ក៏យ៉ាងហោចណាស់នឹងមានការហោះកៀកនឹងភពនោះបំផុតដើម្បីធ្វើការសិក្សាស្រាវជ្រាវបានប្រសើរ ខ្លាំងជាងមុនផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយវែបសាយ NASA នាព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០១៦។

គណកម្មាធិការសម្រាប់កិច្ចដំណើរការ និងការរុករកដោយមនុស្សរបស់ NASA (ACHEOC) បានរៀបចំកិច្ចប្រជុំមួយ នៅថ្ងៃអង្គារនេះ ដោយមានការចូលពីលោក Bill Gerstenmaier ប្រធាន ACHEOC បានប្រាប់សន្និសីទសារព័ត៌មានថា អង្គការនេះ នឹងបង្កើតដានជើងមនុស្សនៅលើភពអង្គារឲ្យបាន យ៉ាងហោចណាស់នៅឆ្នាំ ២០៣៣។ ពេលវេលាច្រើន ជិត ២០ឆ្នាំដែលយើងត្រូវការបន្ថែមទៀតនោះ គឺដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាដែលត្រូវការហិរញ្ញវត្ថុយ៉ាងសម្បើម។

លោក Gerstenmaier បានលើកឡើងដោយសុទិដ្ឋិនិយមដូច្នេះថា «វាជាពេលវេលាដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត សំរាប់ការហោះហើរក្នុងទីអវកាសដោយមនុស្ស។ បច្ចុប្បន្នយើងកំពុងធ្វើការអភិវឌ្ឍយាន Orion ដែលអាចផ្ទុក មនុស្សទៅកាន់ភពអង្គារ ជាមួយនឹងប្រព័ន្ធបាញ់បង្ហោះថ្មីសន្លាង។ វានឹងធ្វើការហោះសាកល្បងទៅកានឋានព្រះច័ន្ទ នៅអំឡុងឆ្នាំ ២០២០ និង បំពេញតាមផែនការមេទៅកាន់ភពអង្គារនៅទសវត្សរ៍ ២០៣០»។

គួរបញ្ជាក់ថាផែនការនាំមនុស្សទៅកាន់ភពអង្គារ នឹងនៅតែឈរលេខរៀងទី១ លើផែនការអវកាសធំៗនានានៅលើ សកលលោកយើងនេះ ដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំពីមួយជំហានទៅមួយជំហាន។ សម្រាប់យាន Orion ត្រូវការ ពេលវេលាច្រើន ដើម្បីធ្វើការអភិវឌ្ឍប្រកបដោយភាពប្រាកដនិយម ដែលពីដំបូងឡើយអង្គការអវកាសអឺរ៉ុប ESA បានបង្ហាញភាពស្ទាក់ស្ទើរក្នុងការចូលរួមជាមួយ NASA ប៉ុន្តែរឿងនេះត្រូវការពេលវេលាពិភាក្សាគ្នាទៀត៕