(ព្រះវិហារ)៖ ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ សាទររីករាយចំពោះកម្មវិធីពិនិត្យ សុខភាពប្រចាំឆ្នាំ កម្ពុជា-កូរ៉េ ដើម្បីគាំទ្រប្រធានបទ «សម្តេចតេជោ ហ៊ុន សែន គិតគូរជានិច្ចពីសុខភាពប្រជាជន»

កម្មវិធីផ្តួចផ្តើមក្រោមកិច្ចសហប្រតិបត្តិការរវាង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្ត ឃ្យុងសាំងប៊ុកដូ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ TYDA ដឹកនាំដោយលោក ហ៊ុន ម៉ាណែត និងសម្របសម្រួល សហការរៀបចំដោយលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត ខេត្តព្រះវិហារ។

ដោយមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ និងមន្ត្រីអាជា្ញធរខេត្ត អាជ្ញាធរប្រាសាទ ពិធីព្យាបាលក្រោម អធិបតី នាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលប្រចាំខេត្តព្រះវិហារ បានធ្វើការពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្សប្រមាណ ២៤២០នាក់ ដោយឥតគិត ថ្លៃពីសំណាក់ក្រុមវេជ្ជបណ្ឌិតកូរ៉េ ក្នុងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

កម្មវិធីនេះបានរៀបចំនៅក្នុងបរិវេនការិយាល័យអ្នកតំណាងរាស្រ្តខេត្តព្រះវិហារ ហើយជាការព្យាបាលលើកទី៤ បន្តពីខេត្តកណ្តាល ខេត្តតាកែវ ដែលបានសរុប ការចំណាយលើសពី ២០០.០០០( ម្ភៃម៉ឺនដុល្លាសហរដ្ឋអាមេរិក) ដោយមិនគិតបញ្ចូលថ្លៃធ្វើដំណើររបស់ វេជ្ជបណ្ឌិត និងអ្នកស្ម័គ្រចិត្តកូរ៉េ និងយុវជនគ្រូពេទ្យវ័យក្មេងរបស់កម្ពុជាផង។

សូមបញ្ជាក់ថា នេះជាសប្តាហ៍ទីពីរហើយដែលអ្នកតំណាងរាស្ត្រ និងប្រធាន សសយកខេត្ត លោក អ៊ុន ចាន់ដា បានសហការរៀបចំ ឲ្យមានការពិនិត្យសុខភាពសាធារណៈបន្តពីស្រុកឆែប ក្រោមកិច្ចឧបត្ថម្ភរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលធ្វើឲ្យចំនួន សរុបនៃការព្យាបាលជូនប្រជាជន មានលើសពី៤៦០០នាក់៕