(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាសាធារណៈថា សម្តេចឧបត្ថម្ភសាលាមួយខ្នង ដែលមានពីរជាន់​ និង១២​បន្ទប់ជូន វិទ្យាល័យថ្មគ្រែ ក្នុងខេត្តក្រចេះ ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ខណៈដែលសម្តេចបានចុះជួបសំណេះសំណាល និងទស្សនាដោយផ្ទាល់ នៅក្នុងវត្តបញ្ជសិលាថ្មគ្រែ ស្រុកចិន្ទបុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ។

សូមជំរាបថា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើដំណើរតាមរថយន្តពីរាជធានីភ្នំពេញ ឆ្ពោះទៅ កាន់ខេត្តស្ទឹងត្រែង និងក្រចេះ ដើម្បីពិនិត្យមើលនូវសមិទ្ធិផលនានា និងពិនិត្យដោះស្រាយបញ្ហាប្រឈមផ្សេងៗ នៅក្នុងមូលដ្ឋាន ព្រមទាំងជួបសំណេះ សំណាល ជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តផងដែរ។

នេះជាការបន្តយុទ្ធនាការ ចុះគ្រប់២៥រាជធានី-ខេត្ត របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចបានចុះសំណេះសំណាលរួចហើយ ជាមួយមន្ត្រីរាជការ និងកំលាំងប្រដាប់អាវុធ នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ៕