(ភ្នំពេញ)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ខណ្ឌដង្កោ ដែលដឹកនាំដោយលោក សៀង សុខ ជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យជនជាតិវៀតណាម ៥៧នាក់ លួចឆ្លងដែនមកស្នាក់នៅគ្មានលិខិតឆ្លងដែន ធ្វើការងារខុសច្បាប់ និងគ្មានប័ណ្ណការងារ​​ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិវៀតណាមទាំង៥៧នាក់នេះ ត្រូវបានឃាត់ខ្លូននៅចំណុចផ្ទះជួលលេខ​ ៤៣៤ ៣២១ ៣២៥ ផ្លូវលេខ៣ PCD ស្ថិតក្នុងភូមិថ្មី​ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងនោះ៤៦នាក់ វីសាអឺ នៅមានសុពលភាព ប៉ុន្ដែមិនមានប័ណ្ឌការងារ និង១១នាក់ផ្សេងទៀត មិនមានលិខិតឆ្លងដែន។ ក្រោយពីឃាត់ខ្លូនជនជាតិវៀតណាមទាំងអស់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីសាកសួរបន្ដ និងអនុវត្តតាមនីតិវិធី៕