(ភ្នំពេញ)៖ រដ្ឋាភិបាលអូស្ត្រាលី សន្យាផ្តល់ជំនួនប្រមាណ៥០លានដុល្លារអូស្ត្រាលី ដែលប្រហាក់ប្រហែល៣៦លានដុល្លារអាមេរិក ដើម្បីបន្តគាំទ្រគម្រោងពង្រីកមូលនិធិសមធម៌ និងកែលម្អគុណភាព សេវាសុខាភិបាលកម្ពុជា រយៈពេល៥ឆ្នាំខាងមុខនេះ។

ការសន្យាផ្តល់ជំនួយរបស់អូស្ត្រាលី ក្នុងឱកាសដែល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលជួបសវនាការ ​និងពិភាក្សាការងារជា មួយលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតវិសាមញ្ញ​ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលី ប្រចាំនៅកម្ពុជា ដែលត្រូវបានប្រទេសអូស្រ្តាលី តែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសុខាភិបាល។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្វាគមន៍យ៉ាងកក់ក្តៅ និងសំដែងនូវអំណរសាទរ ចំពោះការចូលកាន់តំៈណែងថ្មី របស់លោកស្រី Angela Corcoran និងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានឧបត្ថម្ភគាំទ្រ វិស័យសុខាភិបាលកម្ពុជា ដូចជាកន្លងមកបានផ្តល់ថវិកា ក្នុងគម្រោងទ្រទ្រង់វិស័យសុខាភិបាលជំហានទី២ (Health System Support Program Phase 2) ​ប្រមាណជា៧១លានដុល្លាអូស្រ្តាលី ប្រហាក់ប្រហែល៦៦លានដុល្លាអាមេរិក។

ជាការឆ្លើយតប លោកស្រី Angela Corcoran បានបញ្ជាក់ជូនថា អូស្រ្តាលីនឹងបន្តផ្តល់ថវិកាក្នុងគម្រោង ដើម្បីពង្រីកមូលនិធិសមធម៌ និងកែលម្អគុណភាពសេវាសុខាភិបាលកម្ពុជា ដែលហៅថា H-EQUIP (Health Equity and Quality Improvement Project) ចំនួន៥០លានដុល្លាអូស្រ្តាលី ប្រហាក់ប្រហែល ៣៦លាន ដុល្លាអាមេរិក​ក្នុងរយៈពេល៥ឆ្នាំខាងមុខ ព្រមទាំងសន្យាថា នឹងបន្តកិច្ចសហការល្អជាបន្តទៀត ជាមួយក្រសួងសុខាភិបាល។

លោកស្រីបានឲ្យដឹងថា សរុបតាំងពីឆ្នាំ២០១០ មកទល់បច្ចុប្បន្ននេះ អូស្ត្រាលី បានផ្តល់ថវិកាប្រហែលជា១០០លានដុល្លាអូស្ត្រាលី សម្រាប់វិស័យសុខាភិបាល ក្នុងនេះ មានការផ្តល់ថវិកា ដល់ដៃគូអង្គការក្រៅរដ្ឋាភិបាលរបស់អូស្ត្រាលី ការសាងសង់ហិដ្ឋារចនាសម្ព័ន-រូបវ័ន្ត​ ជាពិសេសជួយដល់កម្មវិធីសុខភាពភ្នែក ការបណ្តុះបណ្តាលធនធានមនុស្ស ចូលរួមក្នុងគម្រោងពង្រីកមូលនិធិសមធ៌ម និងប្រហែលជា២០លានដុល្លាអូស្ត្រាលី ក្នុង១០០លានដុល្លាអូស្ត្រាលីខាងលើនេះ សម្រាប់ផ្នែកគាំពារមាតា និងទារកផងដែរ។

លោករដ្ឋមន្រ្តី ម៉ម ប៊ុន ហេង បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូត ហើយក្រសួងសុខាភិបាលនឹងបន្ត កិច្ចសហការជិតស្និទ្ធជាមួយអូស្រ្តាលី ជាបន្តទៀត និងបានស្នើសុំរដ្ឋាភិបាលអូស្រ្តាលី បន្តជួយគាំទ្រដល់វិស័យសុខាភិបាលបន្ថែម​ទៀត៕