Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លិខិតចំហរអ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា៖ «សេចក្តីប្រកាសនៃការដោះស្រាយវិវាទអធិបតេយ្យភាព​ នៅឈូងសមុទ្រចិនខាងត្បូង (DOC) មិនមែនកើតចេញពីទឹកលុយ របស់ចិននោះទេ»

25-07-2016 19:33

(ភ្នំពេញ)៖ លិខិតចំហររបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមផ្ញើជូនលោកសាស្ត្រាចារ្យ Carl Thayer នៃវិទ្យាស្ថានការពារជាតិ ក្នុងទីក្រុង Canberra ប្រទេសអូស្ត្រាលី ដែលបានផ្សព្វផ្សាយក្នុងកាសែត Cambodia Daily ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ។

ខាងក្រោមខ្លឹមសារទាំងស្រុងនៃលិខិតចំហរ៖

«សេចក្តីប្រកាសនៃការដោះស្រាយវិវាទអធិបតេយ្យភាព​ នៅឈូងសមុទ្រចិនខាងត្បូង (DOC) មិនមែនកើតចេញពីទឹកលុយ របស់ចិននោះទេ» ខ្ញុំបានទទួលសំណួរ នៃការចោទប្រកាន់ ហាក់ជាការម៉ាក់ងាយដល់ជំហររបស់កម្ពុជា ចំពោះបញ្ហាវិវាទអធិបតេយ្យភាព នៅឈូងសមុទ្រចិនខាងត្បូង។

ខ្ញុំសូមជម្រាបថា កម្ពុជាមិនមែនជាភាគីជម្លោះនោះទេ ក៏ប៉ុន្តែកម្ពុជាជាសមាជិកនៃ ASEAN ដែលមានមោទនភាពក្នុងការរៀបចំ ថែរក្សា និងដោះស្រាយវិបត្តិអធិបតេយ្យភាព នៅឈូងសមុទ្រចិនខាងត្បូង តាមជាក់ស្តែង គឺការសម្រេចជាឯកច្ឆ័ន្តរួមលើ សេចក្តីប្រកាសនៃការដោះស្រាយវិវាទអធិបតេយ្យភាព នៅឈូងសមុទ្រចិនខាងត្បូង (DOC) ក្នុងកិច្ចដោះស្រាយបញ្ហាវិវាទអធិបតេយ្យ សមុទ្រចិនខាងត្បូង ដែលបានចុះហត្ថលេខារួម នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០០២ រាជធានីភ្នំពេញ។ ហើយក្រមប្រតិបត្តិ (COC) កំពុងតែបន្តពិភាក្សា និងពង្រឹងបន្ថែមទៀត ក្នុងការដោះស្រាយក្នុងវិវាទអធិបតេយ្យភាពនេះ ក្នុងទិសដៅ រក្សាសន្តិភាព និងស្ថេរភាពក្នុងផ្ទៃក្រឡា នៃឈូងសមុទ្រចិនខាងត្បូងនេះឯង។

នៅក្នុងសេចក្តីប្រកាស នៃការដោះស្រាយវិវាទអធិបតេយ្យភាព នៅឈូងសមុទ្រ (DOC) គឺមានន័យសំខាន់ក្រៅពីការដោះស្រាយជម្លោះ នៃភាគីពាក់ព័ន្ធនោះ គឺការខិតខំការពារសន្តិភាព និងស្ថេរភាព ក្នុងតំបន់ភូមិសាស្ត្រសមុទ្រចិនខាងត្បូង ដែលមិនត្រឹមតែផលចំណេញសម្រាប់តំបន់នោះទេ ក៏ប៉ុន្តែសម្រាប់ពិភពលោក ក្នុងការធ្វើចរាចរទំនិញ ដែលមានតម្លៃរាបកោដដុល្លារអាមេរិក ដែលឆ្លងកាត់តាមតំបន់សមុទ្រចិនខាងត្បូង។ ផលចំណេញទាំងអស់នោះ គឺមិនទៅរួចបើសិនតំបន់នោះ ជួបប្រទះ និងសង្គ្រាម។

ក្នុងកិច្ចគោរព និងប្រតិបត្តិ នូវគោលការណ៍ នៃសេចក្តីប្រកាសនៃការដោះស្រាយវិវាទអធិបតេយ្យភាព នៅឈូងសមុទ្រចិនខាងត្បូង (DOC) ក្នុងការដោះស្រាយវិវាទសមុទ្រចិនខាងត្បូងនេះ គឺកម្ពុជា ជឿលើនីតិរដ្ឋមួយយ៉ាងពិតប្រាកដ ដែលមិនអាចទទួលយកបាននូវ ការដើថយក្រេាយ ប្រាសចាកពីគេាលការណ៏ ដែលបានសំរេចជាឯកច្ឆ័ន និងសូមច្រានចោលនូវរាល់ការចោទប្រកាន់តាមគ្រប់រូបភាព ពីអ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ ឬសាស្ត្រាចារ្យ ដែលមាននិន្នាការនយោបាយប្រឆាំង និងចិន ឬយកបញ្ហាសមុទ្រចិនខាងត្បូង ជាយុទ្ធសាស្ត្រហ៊ុព័ទ្ធចិន មកដាក់បន្ទុក ឬសំអុយកម្ពុជា ដើម្បីលាក់បាំងនូវមហិជ្ជតាអាក្រក់នោះឡើយ។

សេចក្តីប្រកាសនៃការដោះស្រាយវិវាទអធិបតេយ្យភាព នៅឈូងសមុទ្រចិនខាងត្បូង (DOC) នៃការដោះស្រាយជម្លោះអធិបតេយ្យភាព នៃសមុទ្រចិនខាងត្បូងនេះ គឺមិនមែនកើតឡើងដោយលុយរបស់ចិន មកទិញដូរនោះទេ គឺប្រាកដណាស់កើតចេញពិការសម្រេចចិត្ត រួមរបស់ភាគី នៃបណ្តាសមាជិករបស់ ASEAN ជាឯកច្ឆ័ន ដែលត្រូវបានចុះហត្ថលេខា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០០២។ ហើយកម្ពុជាសូមរំលឹកសារជាថ្មីម្តងទៀតថា កម្ពុជាមិនមែនជាចៅក្រម ហើយក៏គ្មានឥទ្ធិពលអំណាចសេដ្ឋកិច្ច ឬយោធាណាមួយ ក្នុងការដោះស្រាយបញ្ហាខាងលើនោះទេ គឺកម្ពុជា នៅតែឲ្យតម្លៃក្នុងកិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធ ដែលមានគោលនយោបាយ និងយន្តការដែលបានសម្រេចជាឯកច្ឆ័ន រួចស្រេច របស ASEAN ហើយ។

ជាមួយគ្នានេះដែរ ផលប្រយោជន៍នៃសមុទ្រចិនខាងត្បូង ប្រាកដណាស់សម្រាប់មនុស្សជាតិ គឺសន្តិភាព ស្ថេរភាព ដែលភាគីទាំងអស់ ត្រូវតែចូលរួមពង្រឹងស្ថានភាពនេះ៕