(ភ្នំពេញ)៖ អ្នកនាង ភិន សុដាលីស នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានបើកសន្និសីទកាសែតមួយ បកអាក្រាតស្បែកមុខពិត លោក ប៉ែន ចំរុង អតីតស្វាមីឥតខាន់ស្លា ដែលបានដាក់ពាក្យប្ដឹងលែងលះទៅកាន់តុលាការ រហូតតុលាការចេញ​ចេញសាលដីកា លែងលះជាស្ថាពរ​កាល​ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦កន្លង​ទៅថ្មីៗនេះ។ ការធ្វើសន្និសីទ​កាសែត​​​​របស់ អ្នកនាង ភិន សុដាលីស ធ្វើឡើង​មិនប៉ុន្មាន​ថ្ងៃ​​​ ក្រោយពី​តុលាការ​បានប្រកាសសាលដីកា​​ជាស្ថាពរ ពីការ​លែងលះ​គ្នា រវាង អ្នកនាង ភិន សុដាលីស ជាមួយ លោក ប៉ែន ចំរ៉ុង។

អ្នកនាង ភិន សុដាលីស បានបញ្ជាក់នៅ​ក្នុង​សន្និសីទសារព័ត៌មានថា ទាក់ទងនឹងនឹងបណ្តឹងលះលែង រួមនិងទង្វើសព្វគ្រប់សារពើរបស់ លោក ប៉ែង ចំរ៉ុងធ្វើដាក់មកលើរូបនាង គឺនាងសន្និដ្ឋានថា នេះ អាចជាការសងសឹកលោក អ៉ិន សុភិន ជាឪពុកបង្កើតរបស់នាង  ដែលបានប្រើអំពើហិង្សា ដាក់លើលោក ប៉ែន ចំរុង ឲ្យលោក​ខ្មាសគេ ខណៈដែលអ្នកទាំងពីរ កំពុងទាក់ទងគ្នា។

ទាក់ទងនឹងពាក្យបណ្តឹង​លែងលះ របស់លោក ប៉ែន ចំរ៉ុង ដាក់ទៅតុលាការ អ្នកនាង ភិន សុដាលីស បានបញ្ជាក់ថា នាងមិនបានដឹងខ្លួន​ជាមុននោះទេ រហូតដល់តុលាការ បានកោះហៅរូបនាង ទើបនាងបានដឹងថា លោក ប៉ែន ចំរ៉ុងលែងមែនទែន ហើយក៏មិននឹកស្មានដល់សោះថា ​ចំរ៉ុង ហ៊ានធ្វើដល់ថ្នាក់នេះ។

តាមការបកស្រាយ នៅក្នុងសន្និសីទនៅរសៀលនេះ អ្នកនាង ភិន សុដាលីស  បានឆ្លើយរាល់សំណួរបស់អ្នកសារព័ត៌មាន ទាក់ទងនឹងទំនាក់ទំនង​របស់នាង ជាមួយ លោក ប៉ែន ចំរ៉ុង ដែលឈាន ដល់ការលែងលះនេះ។ ប៉ុន្តែ​ការបកស្រាយរបស់ អ្នកនាង ភិន សុដាលីស ហាក់ដូចជា បង្ហាញអារម្មណ៍សប្បាយចិត្ត មិនមានជាគំនាបអ្វីឡើយ។

ភិន សុដាលីស បានឲ្យដឹងទៀតថា ការរស់នៅជាមួយ ប៉ែន ចំរ៉ុង រយៈពេលជិតមួយឆ្នាំនេះ គឺនាងហាក់ទទួលរ៉ាប់រងច្រើន ព្រោះចំណូលដែលបានមកត្រូវផ្គត់ផ្គង់ដល់ក្រុមគ្រួសារ ខណៈដែលពេលនាងរស់​នៅក្នុងផ្ទះនោះ គឺមានសមាជិក​រហូតដល់ទៅ៥នាក់​ឯណោះ។ អ្វីដែលនាងសង្កត់ធ្ងន់ជាងនេះ គឺចាប់តាំងពីដឹងថា នាងមានកូនក្នុងផ្ទៃមក ប៉ែន ចំរ៉ុង ចាប់ផ្ដើមមានអត្តចរឹតប្លែកៗ ព្រងើយកន្តើយដាក់រូបនាង រហូតដល់ថ្នាក់ប្ដឹងលែងលះ។ ដាលីសនិយាយថា តាំងពីដំបូងឡើយ ពេលនាងចេញវិដេអូឃ្លីបវាយប្រហារឪពុករបស់ខ្លួន ក៏ជាការរៀបចំ និងឲ្យគំនិតពីលោក ប៉ែន ចំរ៉ុង មកដែរ ព្រោះតែនាងស្រឡាញ់ជឿទុកចិត្តខ្លាំងពេក។

អ្វីដែលនាង ភិន សុដាលីស ហួសចិត្តបំផុតនោះ គឺនៅពេលតុលាការសួរ លោក ប៉ែន ចំរ៉ុង ទាក់ទងនឹងកូនក្នុងផ្ទៃរបស់នាង គឺចម្លើយរបស់ ចំរ៉ុង ធ្វើឲ្យតុលាការស្រងាកចិត្ត ព្រោះលោកមិនច្បាស់សោះថា កូនក្នុងផ្ទៃនេះ ជាកូនរបស់លោក។ ត្រូវចំណុចនេះ ត្រូវបាន ដាលីស គិតថា លោក ប៉ែន ចំរ៉ុង កំពុងតែចោទនាងថា មានសាហាយស្មន់ជាមួយអ្នកផ្សេង ទើបយកលេសលែងលះ។ ក៏ប៉ុន្តែហេតុអ្វីបានជាសុំផ្ដល់អាហារកិច្ចដល់កូន ពេលសាលដីកាចេញជាស្ថាពរ បើគិតថា កូននេះលោកមែនជាកូនរបស់ខ្លូន។

ដាលីសនិយាយថា« កាលពីតុលាការកោះហៅខ្ញុំដំបូង ខ្ញុំបានសម្រេចថា ខ្ញុំមិនលែងគាត់ជាដាច់ខាត ព្រោះខ្ញុំអាណិតកូន ហើយក៏ចិត្តមិនដាច់ពីគាត់ដែរ ប៉ុន្តែក្រោយពីកោះហៅជាលើកទី១ រួចមក ខ្ញុំឃើញទង្វើរបស់គាត់កាន់តែអសក្រក់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ទើបខ្ញុំសម្រេចថា មិនអាចវិលត្រឡប់វិញ បានឡើយ។ ម្យ៉ាងទៀត គាត់ចង់ផ្ដល់អាហារកិច្ចដល់កូន ខ្ញុំថាមិនបាច់ទេ កុំឲ្យជាប់កម្មជាប់ពារ ឡានមួយហ្នឹងយកទៅ ខ្ញុំយកកូន ហើយកុំខ្លាចថា ខ្ញុំគ្មានលទ្ធភាពចិញ្ចឹងកូន»

យ៉ាងណាមិញ លោក ប៉ែន ចំរ៉ុង គឺជាតារាសម្ដែងមួយដួង ដែលល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ពោលគឺលោកពូកែសម្ដែងណាស់។ ដូច្នេះរឿងរ៉ាវដែល បានកើតឡើង ជាមួយ ភិន សុដាលីស កន្លងមក ត្រូវបាននាង គិតថា ជាការសម្ដែងមួយរបស់លោក ប៉ែន ចំរ៉ុង ប៉ុន្តែការសម្ដែងនេះ បានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ អសោចន៍ និងធ្វើឲ្យនាងបាន​ដឹងពីមុខមាត់ពិត ចារឹតពិត និងទង្វើគ្រប់បែប​យ៉ាងរបស់ ប៉ែន ចំរ៉ុង ។

ទោះបីជាយ៉ាងណា សន្និសីទដែលបានធ្វើឡើង នៅថ្ងៃនេះ គឺត្រូវបានអ្នកនាង ភិន សុដាលីស បញ្ជាក់ថា ក្នុងគោលបំណងសុំទោសឪពុករបស់នាង ក្រុមគ្រួសារ និងដល់មហាជនទូទៅ ដែលនាងបានសម្រេចចិត្តដើរខុសផ្លូវ នាពេលកន្លងមក ដោយនាងបានដឹងពីកំហុសខ្លួនឯង ហើយក៏ស​ម្រេចចិត្តត្រឡប់មក​រស់នៅក្នុងផ្ទះវិញ ជាមួយគ្រួសារ។ ទោះបីជាមានការលែងលះ និងត្រូវបែកបាក់គ្នា កូនកើតមកគ្មានឪពុកហៅក្ដី ប៉ុន្តែ ភិន សុដាលីស ហាក់មិន​បង្ហាញកាយវិកាពិបាកចិត្ត ឈឺចិត្ត ដេកព្រួយព្រោះតែរឿងនេះឡើយ ពោលគឺមានតែសប្បាយចិត្តទៅវិញ៕