(ភ្នំពេញ)៖ ការតុបតែងខ្លួនជារឿងមួយដែលមនុស្សត្រូវតែធ្វើជាចាំបាច់ នៅពេលដែលមនុស្សចេញទៅក្រៅ ជួបនិងអ្នកផ្សេងទៀត នេះដើម្បីឲ្យមនុស្សទាំងនេះ មានទំនុកចិត្តក្នុង ប្រាស្រ័យទាក់ទងគ្នា។

ដើម្បីស្វែងរកនូវជំនឿទុកចិត្តទាំងនេះ សាឡន ៥ បានរួមគ្នាក្នុងការផាត់មុខនិងធ្វើសក់នៅក្នុងម៉ោងតែមួយ និងនៅលើឆាកតែមួយ ក្នុងកម្មវិធីពិព័រណ៏សម្រស់២០១៦ កាលពីល្ងាចថ្ងៃទី ២៤ ខែកក្កដានេះ នៅផ្សារទំនើប AEON mall។ ចំពោះការចូលរួមនេះ គឺមិនមែនជាការប្រកួតនោះទេ។

ហាងល្បីៗចំនួន ៥ នោះមានដូចជា Puy salon, Dee studio, Syna Make up school, Kong Socheat salon, និង La Rien។ ហាងទាំងនេះសុទ្ធតែមានបច្ចេកទេសល្អៗព្រមទាំងជំនាញ និងទេពកោសល្យដែលធម្មជាតិផ្តល់ឲ្យ។

នៅក្នុងរយៈពេល ២០ ទៅ ៣០ នាទី សាឡនទាំងអស់បានបញ្ចេញសមត្ថភាព ជំនាញយ៉ាងប៉ិនប្រសប់របស់ខ្លួន និងប្រកបដោយវិជ្ជាជីវៈក្នុងការបំរើចក្ខុ របស់អ្នកទស្សនាទាំងអស់ ឲ្យមើលដោយ មិនហ៊ានដាក់ភ្នែកចុះនោះទេ។ជាក់ស្តែង ហាង Puy salon បានផាត់មុខលក្ខណៈធម្មជាតិ ដែលមានភាពងាយស្រួលដល់អ្នកទស្សនាអាច ធ្វើតាមបាននៅពេលដែល ចេញទៅណាម្តងៗដោយមិន ចាំបាច់ត្រូវមានអ្នកណាផាត់មុខ ឲ្យក៏បាន ការធ្វើបែបនេះធ្វើឲ្យមានលោកអ្នកចំនាយថវិកាក៏ដូចជាពេលវេលាជាច្រើន។ចំនែកឯ នៅជ្រុងម្ខាងទៀតនៃឆាកនោះ ក៏ឃើញមានហាង Syna make up school បានធ្វើការផាត់មុខ ជាមួយ និងបិទរោមសត្វនៅត្រង់ភ្នែកតែម្ខាង ដែលរំលេចចេញនូវសិល្បៈប្លែកមួយប្រភេទនៅលើកមុខរបស់ម៉ូតយើងផ្ទាល់តែម្តង។

ចំនែកនៅចំកណ្តាលឆាកវិញមានការចូលរួមធ្វើសក់ពីហាង សុជាតិ ដែលការបញ្ចេញទេពកោសល្យធ្វើសក់នោះមានលក្ខណៈជាទឹករលកៗ ដែលធ្វើឲ្យមានការទាក់ទងយ៉ាងខ្លាំងពីអ្នកដែលស្រលាញ់ នូវសក់ទឹករលកប្រភេទនេះ ហើយសក់នេះក៏សម្រាប់ចូលរូមក្នុងកម្មវិធីផ្សេងៗបានស្រស់ស្អាត។ ស្របពេលជាមួយគ្នានោះដែរ ខាង Dee studio វិញមានការបញ្ចេញសមត្ថភាព ក្នុងការផាត់មុខ សម្រាប់កូនក្រមុំ ដែលគ្រង់សំលៀកបំពាក់បុរាណរបស់ខ្មែរយើងក្នុងពិធីមង្គល ដែលការផាត់មុខនេះគឺសាកសមយ៉ាងឥតខ្ជោះសម្រាប់កូនក្រមុំគ្រប់រូប។ សម្រាប់ហាង La Rien​វិញគឺមានការកាត់សក់ និងធ្វើសក់ជាលក្ខណៈបែបជប៉ុនដែលអ្នកទស្សនាទាំងអស់អាចធ្វើម៉ូតសក់នេះបាននៅពេលដែលចេញណាមកណាម្តងៗបានយ៉ាងងាយស្រួល ហើយសក់ប្រភេទនេះគឺសម្រាប់យុវជនសម័យថ្មី ផ្ទាល់តែម្តង។

ទិដ្ឋភាពបែបនេះ មិនងាយនិងបានឃើញនោះទេ ហើយអ្វីដែលហាងទាំង ៥ បង្ហាញនៅពេលនោះគឺដើម្បីតែអ្នកចូលរួមទស្សនាស្វែងរកនូវជំនឿទុកចិត្តរបស់ខ្លួនទៅតាមការតុបតែងរបស់ខ្លួន បន្ថែមពីនេះទៅទៀតគឺចង់ប្រាប់ថាមនុស្សទាំងអស់មានមុខនិងចំនង់ចំនូលចិត្តខុសគ្នា ដូចនេះមនុស្សទាំងអស់នោះក៏ត្រូវការផាត់មុខ ឬក៏ការធ្វើសក់ផ្សេងគ្នាដែរ។ ដូច្នោះ ការបង្ហាញផាត់មុខ និងធ្វើសក់របស់សាឡនទាំង ៥ ពិតជាជំរើសយ៉ាងដ៏ល្អ សម្រាប់អ្នកចូលរូមទាំងអស់អាចជ្រើសមួយណាក៏បាន ដែលសាកសមទៅនិងមុខក៏សក់ដែលខ្លួនចង់បានរៀងៗខ្លួន។

គួរបញ្ជាក់ផងដែរ ថាកម្មវិធីនេះអាចដំនើរទៅបាន ព្រោះការឧបត្ថម្ភកម្មវិធីពី Clarins Shaping Facial Lift គឺជាគ្រឿងសំអាងដែរជួយអោយមុខលោក លោកស្រីស្រស់ស្អាតរាងអក្សរ វី V។ និងពី LOccitane Reine Blanche ជាគ្រឿងសំអាងដែលជាជំរើសដ៏ប្រសើរសំរាប់សុភាពនារីដែលចង់បានស្បែកស ទន់ល្មើយ ភ្លឺចែងចាំង៕