(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល មន្រ្តីជាន់ខ្ពស់មួយរូប នៃរាជរដ្ឋាភិបាលកម្ពុជា បានហៅការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលមិនគាំទ្រ លើការសម្រេច របស់តុលាការមជ្ឈត្តិកម្មឡាអេ ដែលឲ្យហ្វីលីពីន ឈ្នះក្តីចិន ក្នុងសំណុំរឿងដែនសមុទ្រខាងត្បូងថា ជាការរក្សាជំហត្រឹមត្រូវបំផុត និងយុត្តិធម៌។ លោក សេរី កុសល បានលើកឡើងថា ការសម្រេចចិត្តរបស់សម្តេច មិនត្រឹមតែសម្រាប់សុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សុខសន្តិភាពក្នុងតំបន់ផងដែរ។

ការថ្លែងរបស់លោកទេសរដ្ឋមន្រ្តី សេរី កុសល បានធ្វើឡើងភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ បានសម្រេចចេញសេចក្តីថ្លែងការណ៍ ដោយមិនដាក់បញ្ចូលការសម្រេច របស់តុលាការមជ្ឈត្តិកម្មទីក្រុងឡាអេ ទៅក្នុងសេចក្តីថ្លែងការណ៍ រួមហើយនៅតែជំរុញឲ្យភាគីមានជម្លោះ ដោះស្រាយដោយសន្តិវិធី និង គោរពតាមក្រមប្រតិបត្តិ DOC ។

កាលពីថ្ងៃទី២០ ខែមិថុនា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត និងមន្រ្តី នៃសាលាភូមិន្ទរដ្ឋបាល នៅមុនពេលការប្រកាសសាលក្រម របស់តុលាការមជ្ឈត្តិកម្មឡាអេជិតមួយខែ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជំហយ៉ាងច្បាស់ថា កម្ពុជា មិនគាំទ្រការចេញសេចក្តីថ្លែងការណ៍របស់តុលាការមជ្ឈត្តិកម្មឡាអេ ដែលសម្រេចក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង ដែលប្តឹងដោយហ្វីលីពីន ជាឯកតោភាគីនោះឡើយ។  

សម្តេចតេជោ អំពាវនាវឲ្យភាគីពាក់ព័ន្ធដោះស្រាយជម្លោះ ដោយប្រើយន្តការអាស៊ាន-ចិន ដើម្បីអនុវត្តឲ្យបានពេញលេញ នូវសេចក្តីថ្លែងការណ៍ស្តីពីភាគីក្រមប្រតិបត្តិ សមុទ្រចិនខាងត្បូង (DOC), ខិតខំតាក់តែងក្រមប្រតិបត្តិ សមុទ្រចិនខាងត្បូង (COC) រវាងអាស៊ាន-ចិន និង ប្រទេសពាក់ព័ន្ធត្រូវដោះស្រាយ ដោយជជែកពិភាក្សាគ្នា។

សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា «ខ្លួនឯងទាស់គ្នាដណ្តើមដីគ្នាលើបញ្ហាសមុទ្រចិនខាងត្បូង មកចោទតែកម្ពុជា ជាអ្នកបំផ្លាញ សុំប្រទេសដែលមានបញ្ហាចេញមក ចរចាដោយខ្លួនទៅ កម្ពុជាសុំធ្វើជាប្រទេស អព្យាក្រឹត្យលើបញ្ហានេះ។ កម្ពុជាមិនធ្វើអាយ៉ងរបស់អ្នកណានោះទេ»

លោក សេរី កុសល បានលើកឡើងនៅលើទំព័រ Facebook របស់លោកថា បើទោះបីសម្តេចដឹងច្បាស់ថា បរទេសនឹងសងសឹកសម្តេចវិញ តាមគ្រប់រូបភាពជាខ្សែសង្វាក់ ដើម្បីផ្តួលរំលំសម្តេច និងឈានទៅបង្កាត់ភ្នក់ភ្លើង សង្រ្គាមនៅកម្ពុជាក្តី តែសម្តេចនៅតែរក្សាជំហអព្យាក្រិត្យលើជម្លោះសមុទ្រចិននេះ។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «ថ្ងៃនេះខ្ញុំរីករាយខ្លាំងក្រោយទទួលបានព័ត៌មានពីជោគជ័យ នៃនយោបាយការបរទេសរបស់ សម្តេចតេជោទាក់ទងទៅនឹងបញ្ហាសមុទ្រចិនខាងត្បូង ដ៏ចម្រូងចម្រាស ដែលសម្តេចតេជោ បានរក្សាជំហត្រឹមត្រូវបំផុត និង យុត្តិធម៌ មិនត្រឹមតែសម្រាប់សុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សុខសន្តិភាព ក្នុងតំបន់ផងដែរ។ បើទោះបីជាសម្តេចតេជោ ដឹងច្បាស់ថា បរទេសនឹងសងសឹកវិញ តាមគ្រប់រូបភាពជាខ្សែសង្វាក់ ដើម្បីផ្តួលរំលំសម្តេចតេជោ និង ឈានទៅបង្កាត់ភ្នក់ភ្លើងសង្គ្រាម សារជាថ្មីនៅកម្ពុជា»

លោក សេរី កុសល បន្តថា «សម្តេច បានអត់ធ្មត់ខ្ពស់ទទួលយកនូវគ្រប់បញ្ហា និង គ្រប់ការមួលបង្កាច់។ យុត្តិធម៌នឹងពិតជាមានចំពោះសម្តេចតេជោ»

កាលពីថ្ងៃទី១២ ខែកក្កដា តុលាការអន្តរជាតិក្រុងឡាអេ ប្រទេសហូឡង់ បានប្រកាសសាលក្រមសមុទ្រចិនខាងត្បូង តាមបណ្តឹងរបស់ហ្វីលីពីនដោយបកស្រាយថា ការទាមទារដោយប្រើផែនទីប្រាំបួន ត្រេរបស់ចិន (Nine- dash-line) និងសកម្មភាពមួយចំនួនរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង មិនមានមូលដ្ឋានផ្នែកច្បាប់ឡើយ ពោល គឺសកម្មភាពរបស់ចិន បានបំពាននឹងច្បាប់។ ការប្រកាសនេះ ត្រូវ បានប្រទេសចិន ប្រកាសច្រានចោល មិនគោរពតាម និងបានហៅការប្រកាសនេះជាអំពើមួយ ដ៏អយុត្តិធម៌។ ក្រៅពីប្រទេសចិន មិនទទួលស្គាល់ហើយនោះ អាស៊ាន ក៏មិនប្រកាសទទួលស្គាល់ផងដែរ។

ដោយចង់បង្ហាញពីចក្ខុវិស័យច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសជាតិ លោក សេរី កុសល ក៏ឆ្លៀតរំលឹកឡើងវិញពីការផ្អាកព្រះរាជពិធីបុណ្យអុំទូកកាលពីឆ្នាំទៅ ដោយសារតែ ទឹកទន្លេមេគង្គស្រកខ្លាំង ធ្វើឲ្យកម្រិតទឹកមិនអំណោយផលសម្រាប់ការ អុំទូក។

លោក សេរី កុសល បានរំលឹកទៀតថា ពេលសម្តេចប្រកាសផ្អាកនេះ សង្គមស៊ីវិល និងបក្សនយោបាយខ្លះ បានឆក់ឱកាសវាយប្រហារសម្តេចនាយករដ្ឋមន្រ្តីថា ខ្លាចបាតុកម្ម និងប្រមាថមើលងាយ សព្វបែបយ៉ាង។ តែទីបំផុតយុត្តិធម៌បានមកដល់ រដូវប្រាំងបានជួបគ្រោះរាំងស្ងួត ហើយសម្តេចតេជោ បានបើកយុទ្ធនាការចែកចាយទឹកទូទាំងប្រទេស ដែលជាប្រវត្តិត្រូវចងចាំ និងមិនដែលមាន។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «សម្តេចតេជោ ជាកូនខ្មែរម្នាក់ ដែលស្គាល់ច្បាស់ណាស់នូវភូមិសាស្ត្រ ទឹកដី និង ប្រពៃណីជាតិ។ ចំពោះខ្ញុំ ខ្ញុំពិតជាកោតសរសើរមែនទែន ចុះបងប្អូនដែលបានជេរប្រមាទ សម្តេចតេជោរឿងខាងលើនេះ តើពេលនេះមានអារម្មណ៍យ៉ាងណាដែរ? ជាកូនខ្មែរចូរកុំខ្មាស់អៀនចំពោះការពិត ក្លាហានហ៊ានទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ហ៊ានស៊ី ហ៊ានសង»