(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោក ម៉ៅ ធនិន អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានផ្ដល់ពូជស្រូវខាបួនចំនួន ៧តោន ជូនប្រជា​កសិករ​ក្នុងឃុំអូរសណ្តាន់៣៥០គ្រួសារ ដែលរៀបចំដោយមន្ទីរកសិកម្មខេត្ត គឺក្នុងមួយគ្រួសារទទួលបានស្រូវខាបួន២០គីឡូក្រាម សម្រាប់ចាប់ផ្ដើមធ្វើស្រូវរដូវវស្សាឲ្យបានទាន់ពេលវេលា។

ពិធីនេះត្រូវបានធ្វើឡើងនៅបវិវេណវត្តពុទ្ទ្រាម ស្ថិតក្នុងឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក លោកស្រីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជា​ពលរដ្ឋជាច្រើននាក់ផងដែរ។ លោក ខូយ រីដា បានថ្លែងថា ដោយផ្អែកតាមរបាយការណ៍របស់ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តឃើញថា គិតត្រឹមដើមរដូវវស្សាឆ្នាំ២០១៦នេះ ការងារបង្ក​បង្កើនផលសម្រេចបាន ៨៤,៩៦៧ហិកតាស្មើនឹង៨៤,៩៧% នៃផែនការឆ្នាំ ១០០,០០០ហិកតា បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន គឺកើនជាង១៤.៨១៣ហិចតា។ ស្ថានភាពទឹកភ្លៀង​នៅក្នុងសប្តាហ៍មុននេះ ខេត្តពោធិ៍សាត់ ទទួលទឹកភ្លៀងបាន ៩៥.៤៨មីលីម៉ែត្រ បូកយោងពីដើមរដូវកំរិតទឹកភ្លៀងវាស់បាន ៤០៧.៩៣មីលីម៉ែត្រ ច្រើនជាងឆ្នាំ២០១៥ ចំនួន ៦៨.២១មីលីម៉ែត្រ។ ការធ្វើស្រែរបស់ប្រជាកសិករ ក្នុងរដូវវស្សាឆ្នាំ២០១៦នេះ សរុបសន្ទូង និងពង្រោះ ៨៤,៩៦៧ហិចតា ស្មើនឹង ៨៤,៩៧%។ លោកបានបញ្ជាក់ថា បើទោះបីជាមានការកើនឡើងសន្ទុះនៃ​ការងារបង្កបង្កើនផលក្តី ក៏អាជ្ញាធរខេត្ត និងមន្ទីរកសិកម្មខេត្ត បានសម្រេចនាំយកពូជស្រូវល្អៗ ជាក់ស្តែងស្រូវ​ខាបួន ចំនួន ៧តោន មកចែកជូនប្រជាកសិករទាំង ៣៥០គ្រួសារ  និងបន្តចែកជូន​ទៅតាមបណ្តាទី​តាំងផ្សេងៗទៀត សម្រាប់ចាប់ផ្ដើមធ្វើស្រូវរដូវវស្សា ឲ្យបានទាន់ពេលវេលា។

នេះបង្ហាញពីការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ ចំពោះប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទូទាំងខេត្ត។ លោកបន្ថែមថា ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់​ទាំង​មូល មានភ័ព្វសំណាងណាស់ ដោយទទួលបាននូវសមិទ្ធិផលជាច្រើនពី រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចជាទំនប់​វ៉ារីអគ្គិសនី​អូរសោម, ទំនប់ស្ទាក់ទឹកទី៣ និងទី៥, ផ្លូវជាតិលេខ ៥៥ ពិសេសផ្លូវជាតិលេខ ៥ ដែលជាផ្លូវភ្លោះ នឹងចាប់ផ្តើមសាងសង់នាពេលខាងមុខ។ ក្រោយពីចែកជូនរួចមក លោកអភិបាលរងខេត្ត ក៏បានដឹកនាំមន្ទីរជំនាញ ចុះស្ទូងស្រូវជូនប្រជាពលរដ្ឋនៅទីនោះផងដែរ៕