(វៀងច័ន្ទ)៖ រដ្ឋមន្ត្រីការបរទេសនៃសមាគមអាស៊ាន បានជម្រុញឲ្យមានការអនុវត្តពេញលេញ និងប្រកបដោយ ប្រសិទ្ធភាពចំពោះសេចក្តីប្រកាស ស្តីពីការប្រព្រឹត្តរបស់ភាគីពាក់ព័ន្ធនៅក្នុងសមុទ្រចិនខាងត្បូង (DOC) ប៉ុន្តែមិនបានលើកឡើងពីសាលក្រមរបស់តុលាការអន្តរជាតិឡាអេ កាលពីថ្ងៃទី១២ ខែកក្កដា ដែលបានកាត់សេចក្តីឲ្យចិនចាញ់ ហ្វីលីពីនលើបណ្តឹង ដែលបានដាក់ដោយអតីតរដ្ឋាភិបាលក្រុងម៉ានីល កាលពីឆ្នាំ២០១៣ នោះឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦។

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញនៅមុននេះបន្តិច ក្នុងកិច្ចប្រជុំប្រារព្ធឡើងនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ នោះបណ្តារដ្ឋមន្ត្រីការបរទេសទាំងអស់ បានលើកឡើងថា «យើងបានគូសបញ្ជាក់ អំពីសារៈសំខាន់ចំពោះការអនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធិភាពទៅលើអ្វី ដែលមានក្នុង DOC ទាំងស្រុងតែម្តង»។

គួរបញ្ជាក់ថានៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញជាផ្លូវការនៅថ្ងៃចន្ទនេះ មិនបានលើកឡើងអំពីសេចក្តីសម្រេច របស់តុលាការអន្តរជាតិ កាលពីថ្ងៃទី១២ ខែកក្កដា ដែលចិនចោទថា ជាការទាមទារឯកតោភាគីដោយ ទីក្រុងម៉ានីល នោះឡើយ។ ប្រទេសចិនបានហៅសាលក្រមនោះថា ជាការបង្កទុក្ខទោម្នេញដល់ប្រជាជាតិចិន ហើយវាគ្មានការឯកភាពជារួម ដើម្បីឲ្យភាគីណាមួយអនុវត្តន៍តាមនោះឡើយ៕