(ភ្នំពេញ)៖ ​​​​​​​គណៈ​ប្រតិភូជាន់ខ្ពស់​រដ្ឋសភានៃកម្ពុជា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដល់ទីក្រុងប៉េកំាង សាធារណរដ្ឋប្រជាមានិត ចិន ដោយសុវត្ថិភាពនៅម៉ោង ប្រមាណ១រសៀល ថ្ងៃទី២៥ ខែកកក្កដា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានចាកចេញពីមាតុប្រទេស នៅម៉ោង៨ព្រឹកតាមជើងយន្តហោះពិសេស។

សម្តេចពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៦ ដើម្បីពង្រីងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យរឹងមាំថែម​ទៀត។

តាមគម្រោងនៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា គម្រោងជួបសម្តែងការគួរសម និងប្រជុំពិភាក្សាការងារជាច្រើន ជាមួយភាគី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះមានដូចជា៖ ជួបសម្តែងការគួរសមជាមួយ លោក លី យៀនឆាវ (Li Yuanchao) អនុប្រធានាធិបតី​​នៃសាធារណរដ្ឋប្រជាមានិតចិន និងចូលរួមកិច្ចប្រជុំជាមួយ លោក យូ ហ្សេងសេង (Yu Zhengsheng) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នយោបាយប្រជាជនចិនទូទាំងប្រទេស។

ក្រៅពីនោះ ក៏មានជំនួបទ្វេភាគីជាមួយ លោក ចាង តឺជាំង (Zhang Dejiang) ប្រធានសភាប្រជាជនចិនទូទាំងប្រទេស និងមានកិច្ចប្រជុំជាមួយ ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ បន្ថែមពីនោះ ក៏មាន កិច្ចប្រជុំរវាងអគ្គលេខាធិការរដ្ឋសភា នៃប្រទេសទាំងពីរផងដែរ។

គួរបញ្ជាក់ថា ក្រោយពីបញ្ចប់ បេសកកម្ម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា​ ដែលដឹកនាំដោយ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងធ្វើមាតុភូមិនិវត្តន៍ មកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦៕