(ភ្នំពេញ)៖ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត បានសម្តែងការីករាយ និងសាទរខ្លាំង ចំពោះការចុះដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ហើយពួកគេយល់ឃើញថា ការចុះដោយផ្ទាល់របស់នេះ នឹងជំរុញការដោះស្រាយបញ្ហាជាកង្វល់របស់មន្រ្តី និងប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលចម្រោះទឹកស្អាតក្នុងខេត្តបាត់ដំបង នៅសប្តាហ៍មុន បានប្រកាសដាក់ចេញផែនការថ្មី ដោយចុះទៅគ្រប់ខេត្តនៅទូទាំងប្រទេស ដើម្បីពិនិត្យមើលការអភិវឌ្ឍ ក៏ដូចជាបញ្ហាមួយចំនួន ដែលនៅសេសសល់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បើសិនយើងមានអភិបាលខេត្ត អភិបាលស្រុក អភិបាលខណ្ឌ មានអភិបាលក្រុងល្អៗ វាជួយច្រើនណាស់ ហើយមិនចាំបាច់ឈឺក្បាលដល់នាយករដ្ឋមន្រ្តីច្រើនពេកទេ។ សង្ឃឹមថា នៅទូទាំងប្រទេសយើងនឹងមានមន្រ្តីល្អៗ ដើម្បីបម្រើរាស្រ្តពិតប្រាកដ ខ្ញុំកូណាខ្ញុំ ត្រូវធ្វើដំណើរដោយផ្ទាល់ ដើម្បីពិនិត្យបញ្ហាទាំងឡាយ ទាំងបញ្ហាជឿនលឿន និង បញ្ហាសេសសល់ ដែលត្រូវបន្តដោះស្រាយ ព្រោះវាជាងពាក់កណ្តាលអាណត្តិហើយ ចឹងត្រូវដើរពិនិត្យចាប់ផ្តើមពីខេត្តបាត់ដំបង ទៅបន្ទាយមានជ័យ ទៅសៀមរាប ទៅកំពង់ធំ។ល។ អាហ្នឹងទុកមួយឃ្លា។ បន្ទាប់ទៅខេត្តនានា ជាបន្តទៀត»

ការចេញផែនការថ្មីរបស់សម្តេចតេជោ ហ៊ុន សែន នាំឲ្យមន្រ្តីរាជការចាត់ទុកថា ជាការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខដឹកនាំប្រទេសជាតិ ទៅលើសុខទុក្ខរបស់មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត។ ក្រុមមន្រ្តីរាជការ ក៏សម្តែងក្តីរីករាយផងដែរ ដោយពួកគេថា ការជួបដោយផ្ទាល់នេះ ពួកគេនឹងមានឱកាសបានបង្ហាញនូវបញ្ហា និងទុក្ខកង្វល់របស់ពួកគេ។

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានថ្លែងថា «សម្តេចបានលះបង់គ្រប់បែបយ៉ាង តាំងពីដើមរៀងមក ដែលយើងធ្លាប់ស្គាល់ ដែលយើងធ្លាប់ដឹង ដែលយើងធ្លាប់បានរួមប្រាស្រ័យ។ សម្តេចបានចុះសួរសុខទុក្ខ ព្រោះសុខទុក្ខប្រជាជន សុខទុក្ខមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គឺជាសុខទុក្ខរបស់សម្តេច និងក្រុមគ្រួសាររបស់សម្តេចផ្ទាល់។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសប្បាយរីករាយ ហើយក៏មានមោទនភាពណាស់ ចំពោះប្រជាជន បើទោះបីសម្តេចមិនទាន់ចុះទៅដល់គ្រប់ ២៥រាជធានី-ខេត្ត ក៏ដោយ នេះជាការស្តែងឲ្យឃើញពីថ្នាក់ដឹកនាំមួយ ដែលមានឧត្តមគតិ មគ្គុទេ្ទសដឹកនាំ ដ៏ថ្លៃថ្លា ហើយសំខាន់បំផុតគឺធ្វើឲ្យមន្រ្តីរាជការ ប្រជាពលរដ្ឋយើងមានជីវភាពរស់នៅ មានសេចក្តីសុខក្សេមក្សាន្ត ហើយទទួលបាននូវការអភិវឌ្ឍនៅក្នុងក្របខណ្ឌសន្តិភាពមួយ ដែលជាតម្លៃមិនអាចកាត់ថ្លៃបាន»

នាយកវិទ្យាល័យក្រឡាញ់អ្នកគ្រូ ហេង ស៊ីថា បានបង្ហាញនូវក្តីរីករាយខ្លាំង បន្ទាប់ពីសាលារបស់អ្នកគ្រូទទួលបានដំណើរចុះទៅសួរសុខ ទុក្ខដោយផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាល។ «ចា! សប្បាយណាស់ទាំងគ្រូ ទាំងសិស្ស ភ្ញាក់ផ្អើលមានអារម្មណ៍រំភើប បានន័យថា គាត់យកចិត្តទុកដាក់លើប្រជាជន និងទាំងសិស្ស ទាំងគ្រូ។ គាត់ចុះមកចឹងមើលស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ សិស្ស និងគ្រូ មានទុក្ខលំ បាកអី អ៊ីចឹងល្អមែនទែ»

ភាពសប្បាយរីករាយក្នុងការបានទទួលដំណើររបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូនោះទេ សិស្សៗដែលបានជួបសម្តេចតេជោ ក៏រីករាយផងដែរ។

យុវសិស្សវិទ្យាល័យក្រឡាញ់ ឈ្មោះ ស៊ីណា បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា «ខ្ញុំមានចិត្តសោមនស្សរីករាយមែនទែន ដែលបានឃើញវត្តមានរបស់សម្តេចចុះមកដល់វិទ្យាល័យក្រឡាញ់របស់យើងខ្ញុំ ហើយខ្ញុំគាំទ្រសម្តេចធ្វើបែបនេះ ពីព្រោះការធ្វើបែបនេះ អាចដឹងពីសុខទុក្ខរបស់សិស្សានុសិស្ស ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដឹងថាប្រជាពលរដ្ឋត្រូវការអី និងខ្វះខាតអី ហើយសម្តេច ក៏អាចសំ ណេះសំណាលជាមួយប្រជាពលរដ្ឋ និងដោះស្រាយតម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ»

មិនខុសពីយុវជន ស៊ីណា យុវតី នង ស៊ីមាន សិស្សថ្នាក់ទី១០ នៃវិទ្យាល័យក្រឡាញ់ ថា កញ្ញា ពិតជារីករាយ នៅពេលបានជួបសម្តេចដោយផ្ទាល់។ ទន្ទឹមនិងក្តីរីករាយយុវតីរូបនេះ បានមើលឃើញថា ការចុះដោយផ្ទាល់របស់សម្តេច គឺជារឿងដ៏ល្អមួយ ព្រោះសម្តេចអាចដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយផ្ទាល់។

នង ស៊ីមាន បានថ្លែងយ៉ាងដូច្នេះ «ថ្ងៃនេះ ខ្ញុំពិតជាមានអារម្មណ៍ថា រីករាយខ្លាំងណាស់ ដែលបានជួបមុខសម្តេចផ្ទាល់ ជាពិសេសបានកាន់ដៃសម្តេច។ ការចុះមកផ្ទាល់របស់សម្តេចនេះ ខ្ញុំយល់ថា ជាការល្អប្រសើរណាស់ ព្រោះគាត់បានសួរសុខទុក្ខដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ជាពិសេសបានដឹងពីការខ្វះខាតរបស់ប្រជាពលរដ្ឋ»

ទាំងមន្រ្តីរាជការ និងប្រជាពលរដ្ឋសុទ្ធតែបានយល់ឃើញថា ការចុះទៅតាមបណ្តាខេត្តរបស់សម្តេចតេជោ នឹងជួយជំរុញការដោះស្រាយបញ្ហា និងទុក្ខកង្វល់របស់មន្រ្តីថ្នាក់ក្រោម ក៏ដូចជាប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព។

លោកស្រី មៅ សុខហៀង មន្រ្តីទំនាក់ទំនងការបរទេសនៅសាលាខេត្តសៀមរាប បានថ្លែងថា «ការជួបនេះ គឺល្អពិសេសមែនទែន! ពេលសម្តេចអញ្ជើញមកខេត្តម្តងៗ គឺសម្តេចតែងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដូចជាបញ្ហាផ្សេងៗប្រជាពលរដ្ឋ លោកមានបញ្ហាលំបាកផ្សេងៗ សម្តេចដោះស្រាយជូនភ្លាមៗ។ ចំពោះមន្រ្តីរាជការ និងថ្នាក់ដឹកនាំ ក៏សម្តេចដោះស្រាយបាន ហើយបង្កើនឲ្យមានភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំខេត្ត ជាមួយមន្រ្តីថ្នាក់ក្រោម ជាពិសេសសម្តេចតែងដាក់ផែនការជូនដល់ខេត្តឲ្យអនុវត្តលើចំណុចខ្វះខាត និងចំណុចដែលខេត្តមិនទាន់បានបំពេញ»

សូមបញ្ជាក់ថា នៅសប្តាហ៍មុននេះខេត្តចំនួន ៤ហើយ រួមមាន បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅដល់។ នៅក្នុងខេត្តទាំង៤នេះ ក្រៅពីការជួបសំណេះសំណាលជាមួយមន្រ្តីរាជការ សម្តេចតេជោ ហ៊ុន សែន ក៏បានចុះជួបលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាជីវករនៅតាមផ្សារនានាផងដែរ។

ក្នុងដំណើរចុះទៅតាមសាលា និងផ្សារ សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍ដោយក្តីរំភើបរីករាយពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាជីវករ។ ក្នុងដំណើរចុះទៅខេត្តទាំង៤នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដោះស្រាយបញ្ហាជាច្រើនជូនខេត្ត និងប្រជាពលរដ្ឋ ដែលសុទ្ធសឹងជាបញ្ហាដែលបានអូសបន្លាយជាយូរមកហើយនោះ៕