(វៀងច័ន្ទ)៖ ប្រទេសចិនបានសម្តែងការកោតសរសើរក្នុងកម្រិតខ្ពស់បំផុត ចំពោះកម្ពុជាដែលបានលើកស្ទួយភាព យុត្តិធម៌លើបញ្ហាសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដោយដកស្រង់ការលើកឡើង របស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលកំពុងមានវត្តមានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ។

ការថ្លែងរបស់លោក Wang បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយ នឹងលោកទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ សុខុន ដែលក្នុងនោះរដ្ឋមន្ត្រីការបរទេសចិន តំណាងឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បានសង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្រនឹងបញ្ជាក់ពីជំហរប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌របស់កម្ពុជា ដែលនាំទៅដល់សាមគ្គីភាពរបស់អាស៊ាន, តួនាទីស្នូលរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងកិច្ចសហប្រតិបត្តិការ ចិន-អាស៊ាន ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទាំងមូល។

លោក Wang បញ្ជាក់ដូច្នេះថា «យើងនឹងមិនអនុញ្ញាតឲ្យកម្លាំងពីខាងក្រៅ មកបង្កភាពចលាចល នៅក្នុងតំបន់តាមរយៈការបំផុសបំផុលឲ្យមានអាជ្ញាកណ្តាល ដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងនោះឡើយ»។

គួរបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួម ជុំវិញជម្លោះនាវាចរ នៅតំបន់សមុទ្រចិនខាងត្បូង បន្ទាប់ពីប្រទេសកម្ពុជាបានរក្សាជំហរមិនគាំទ្រ ហើយថាអាស៊ានគ្មានមូលហេតុ អ្វីដែលត្រូវចេញសេចក្តីថ្លែងការណ៍ ចំពោះសេចក្តីសម្រេច របស់តុលាការអន្តរជាតិ ដែលបានប្រឆាំងទៅនឹង ទីក្រុងប៉េកាំងនោះឡើយ៕