(ភ្នំពេញ)៖ បញ្ហាការកកស្ទះចរាចរនៅទីក្រុងភ្នំពេញ បានក្លាយទៅជារឿងឈឺក្បាល របស់ប្រជាពលរដ្ឋស្ទើជារៀងរាល់ថ្ងៃ បើទោះជាការស្ទះចរាចរនេះ នៅមិនទាន់ដល់ថ្នាក់អាក្រក់ ដូចនៅបណ្ដាលទីក្រុង មួយចំនួន នៅបណ្ដាប្រទេសផ្សេងៗទៀតក៏ដោយ។


បើយោងតាមការសិក្សារបស់សាលារាជធានីភ្នំពេញ កាលពីឆ្នាំមុនបានបង្ហាញថាការខាតបង់ ផ្នែកសេដ្ឋកិច្ចដោយសារការកកស្ទះចរាចរ នៅក្នុងទីក្រុងមានជាង ៦លានដុល្លារ ក៏ដោយ រហូតមកដល់ ពេលនេះ គេនៅមិនទាន់ឃើញសាលារាជធានី ចាត់វិធានការអោយបានក្ដៅគគុក ឆាប់រហ័ស និងទាន់ពេលវេលានៅឡើយនោះទេ ក្រៅពីការបង្កើតអោយមានខ្សែររថយន្តក្រុង សាធារណៈដើម្បីសម្រួល ដល់ប្រជាពលរដ្ឋធ្វើដំណើរកាត់បន្ថយ ការកកស្ទះមួយផ្នែក តែខ្សែររថយន្តក្រុងសាធារណៈបច្ចុប្បន្ន នៅមិនទាន់ពេញនិយមនៅឡើយព្រោះតែមានខ្សែររត់តិច (៣ខ្សែរ) ហើយយូរ ជិះបានតែអ្នកមិនត្រូវការ ធ្វើដំណើរប្រញាប់ តែសាលាក្រុងក្រោមការសហការ ពីប្រទេសជប៉ុនគ្រោងនឹង ទទួលយករថយន្តក្រុងដែលជាជំនួយពីប្រទេសជប៉ុនចំនួន ៨០គ្រឿងទៀតនៅឆ្នាំ ២០១៧-២០១៨ ខាងមុខនេះដើម្បីបន្ថែម ខ្សែររត់ នៅពេលដែលបច្ចុប្បន្នសាលារាជធានី បានប្រកាសថាតាំងពីបង្កើតអោយមាន រថយន្តក្រុងសាធារណៈនៅខែកុម្ភះ ឆ្នាំ២០១៤មក គឺសាលាក្រុងបានខាតបង់ថវិកា អស់ជាង ១០មុឺនដុល្លារ ទៅហើយ។


ក្រៅពីនេះសាលារាជធានីក៏ខិតខំពង្រីកផ្លូវ ដាក់ភ្លើងស្តុបដាក់របាំងពុះចែកទ្រូងផ្លូវ បន្ថែមដើម្បីជាការជួយសំរួល ចរាចរមួយផ្នែក នៅពេលកត្តាដែលនាំអោយមានការកកស្ទះចរាចរបង្កឡើងដោយមនុស្ស ខាងសាលាក្រុងនៅមិន ទាន់ចាត់វិធានការអោយ បានមុឺងម៉ាត់នៅឡើយ ដូចជាការចតយានជំនិះមិនគោរពច្បាប់ ការរំលោភយកចិញ្ចើមផ្លូវសាធារណៈ សំរាប់ថ្មើរជើង និងសំរាប់ជាកន្លែងចតទៅធ្វើជា កម្មសិទ្ធិឯកជន និងធ្វើជាកន្លែងប្រកបអាជីវកម្មដាក់ តាំងលក់ទំនិញផ្សេងៗនៅតែមានពាសពេញ ទីក្រុងនៅឡើយ។


អ្នកទីក្រុងភាគច្រើនដែល មិនមានការងារចាំចាច់បច្ចុប្បន្ន គេបាននាំគ្នាកាត់បន្ថយការធ្វើដំណើរ នៅម៉ោងចរាចរមមាញឹកជាពិសេស ម៉ោងមន្ត្រី សិស្ស និងបុគ្គលិកក្រុមហ៊ុនចេញចូលធ្វើការ រួមទាំងកាត់បន្ថយការធ្វើដំណើរ ដោយមធ្យោបាយរថយន្ត មកធ្វើដំណើរដោយម៉ូតូឬថ្មើរជើងវិញ សំរាប់ដំណើរជិតៗ ដើម្បីគេចចេញពីការកកស្ទះចរាចរ ដែលនាំអោយខាតពេលវេលា និងប្រេងសាំងជាដើម។ ចំណែកខាងសាលារាជធានីក៏ខិតខំទប់ស្កាត់ ការបើកបរចូលទីក្រុងនៅពេលថ្ងៃសំរាប់រថយន្តធំៗ តែតាមការអង្កេតមិនមានប្រសិទ្ធិភាព ពេញលេញនោះទេ ព្រោះតែ «ផ្លាកអទិភាព» ដែលសាលារាជធានីភ្នំពេញចេញ អោយសំរាប់រថយន្តធំៗមួយចំនួន ដែលមានភារកិច្ចចាំបាច់ចេញ ចូលក្នុងទីក្រុងពេលថ្ងៃ គឺគេអាច ទិញបានក្រោមការឃុបឃិតគ្នា ពីមន្ត្រីមានសមត្ថកិច្ចមួយចំនួន រួមទាំងក្រុមហ៊ុនរថយន្តធំៗខ្លះជារបស់ឬខ្សែររបស់អ្នកធំនេះ អ្នកធំនោះ និងរបស់ឧកញ៉ាមានឥទ្ធិពលជាដើម ដែលសមត្ថកិច្ចតូចតាចឈរជើង នៅតាមដងផ្លូវមិនហ៊ានប៉ះដោយសារ មានការផ្ដាំផ្ញើអោយជួយមើលជាដើម។ រថយន្តក្រុងដឹកអ្នកដំណើរចេញទៅ តាមខេត្តភាគច្រើនដែលអនុញ្ញាត អោយមានចំណតនៅកណ្ដាលក្រុង ក៏ជាមូលហេតុនាំអោយ ស្ទះចរាចរផងដែរ រួមទាំងក្រុមហ៊ុនខ្លះមិនទាំងមាន ចំណតខ្លួនឯងត្រឹមត្រូវផង ដោយយកចិញ្ចើមផ្លូវធ្វើជាកន្លែងចត ដើម្បីរងចាំដឹកអ្នកដំណើរជាដើម។


តាមពិតដំណោះស្រាយសំរាប់កាត់បន្ថយ ការកកស្ទះចរាចរដែលបង្កឡើង ដោយកត្តាមនុស្សនៅមានច្រើន ហើយប្រសិនបើ អាជ្ញាធរប្ដេជ្ញាលាត់ដៃអាវ ពត់ដុំដៃធ្វើ វាមិនពិបាក នោះទេ ព្រោះវាមិនកកស្ទះ គ្រប់តែផ្លូវ គ្រប់ពេល គ្រប់ម៉ោងនោះឡើយ គឺកកស្ទះតែផ្លូវធំៗ និងផ្លូវដែលមានការធ្វើអាជីកម្មច្រើន ដូចជាផ្លូវក្បែរផ្សារ សាលារៀន និងផ្លូវដែលសំបូរទៅដោយភោជនីដ្ឋាន ហាងផឹកសុី និងកន្លែងលក់គ្រឿង ហូបចុក នៅតាមចិញ្ចើមផ្លូវជាដើម។ ទំលាប់សង់រោងការ រោងបុណ្យ និងរោងរៀបចំពិធីផ្សេងៗដោយបិទទ្រូងផ្លូវទាំងស្រុង ឬបិទមួយចំហៀងក៏ជាមូលហេតុបង្កអោយ មានការស្ទះចរាចរផងដែរ។


បច្ចុប្បន្ននេះសណ្ឋាគារ ភោជនីដ្ឋាន និងកន្លែងប្រកបអាជីវកម្មធំៗ សំរាប់បំរើអតិថិជនដែលមានជាយូរមក ហើយភាគច្រើននៅតែមិនមានកន្លែង សំរាប់អតិថិជនរបស់ខ្លួនចត យានជំនិះបានគ្រប់គ្រាន់ នោះទេ។ ទីតាំងទាំងអស់នោះនៅតែ ប្រើប្រាស់ចិញ្ចើមផ្លូវ ទ្រូងផ្លូវធ្វើជាចំណតនៅឡើយ រហូតដល់ដងផ្លូវខ្លះហាមមិនអោយ ចតទៀតក៏គេនៅតែអោយអតិថិជនចតទាំងល្មើសច្បាប់ បានដែរ។ប៉ុន្តែសណ្ឋាគារ ភោជីដ្ឋាន ក្រុមហ៊ុន និងកន្លែងលក់ដូរធំៗ ដែលទើបបង្កើតក្រោយៗភាគច្រើនពួកគេ បានគិតគូរពីការធ្វើចំណតផ្ទាល់ខ្លួនហើយ បើមិនដូច្នោះទេ ច្បាស់ជាមិនសូវមានអតិថិជនចូល។


មតិភាគច្រើនបានលើកឡើងថា បើសាលារាជធានីចង់កាត់បន្ថយ ការកកស្ទះចរាចរដែលជារឿងឈឺក្បាល និងជារឿងជ្រាំដែរនៅក្នុងទីក្រុង នាពេលបច្ចុប្បន្ននេះវាមិនពិបាកនោះទេ សំខាន់ក្រុងមាន ឆន្ទះធ្វើឬអត់? ហើយគេថាល្មមដល់ពេលវេលា ដែលសាលារាជធានីវះកាត់ធ្វើហើយដើម្បី កាត់បន្ថយការកកស្ទះចរាចរផង និងរៀបចំសណ្ដាប់ធ្នាប់ សាធារណៈផង មិនគួរនាំគ្នាអង្គុយបក់ផ្សែងតទៅទៀត ហើយបន្ទោសថាបណ្ដាលមកពី អ្នកនេះឬអ្នកនោះទៀតទេ។ មានកត្តាជាច្រើនដែលសាលារាជធានី ត្រូវតែធ្វើការវះកាត់ដើម្បី កាត់បន្ថយការកកស្ទះចរាចរ ដោយកត្តាទី១ ត្រូវតែអនុវត្តអោយ មានប្រសិទ្ធិភាពលើដងផ្លូវដែលហាមចត និងការចត២ជួរ កត្តាទី២ ត្រូវតែអនុវត្តវិធានស្ដីពីការប្រើប្រាស់ ចិញ្ចើមផ្លូវសាធារណៈអោយបានត្រឹមត្រូវ តែមិនមែនអនុវត្តតាមច្បាប់ ១០០ភាគរយ នោះដែរ គឺគ្រប់ចិញ្ចើមផ្លូវត្រូវតែទុកយ៉ាងហោចណាស់ អោយបាន១,៥ម៉ែត្រទៅ២ម៉ែត្រ សំរាប់ថ្មើរជើង។ ហាមលក់នៅលើទ្រូងផ្លូវដាច់ខាត និងហាមដាក់តាំងលក់ ឬធ្វើរបងរំលោភយកចិញ្ចើមផ្លូវសាធារណៈ ដោយបិទជិត ដល់ទ្រូងផ្លូវតែម្ដង។


តាមពិតច្បាប់មានហើយ សារាចរហាមឃាត់ក៏មានដែល តែវិធានការលប់បំបាត់មិនមានប្រសិទ្ធិភាព ព្រោះតែពាក់ព័ន្ធនឹងផល ប្រយោជន៏របស់មន្ត្រីមួយចំនួន។ ពេលថ្នាក់លើស្រែកឬព្រមាន មន្ត្រីថ្នាក់ក្រោមចុះរៀបចំសណ្ដាប់ធ្នាប់ បានល្អមួយរយៈពេលខ្លី ស្ងាត់ៗកើតវិញដដែល នៅពេលដែលគេដឹងថា អ្នកលក់ដូរ និងអ្នកដាក់តាំងទំនិញ នៅលើចិញ្ចើមផ្លូវឬទ្រូងផ្លូវល្មើសច្បាប់ ទាំងអស់នោះនឹងមិនអាចធ្វើទៅបាន ឡើយប្រសិនបើមិនបង់លុយ ប្រចាំថ្ងៃ និងប្រចាំខែទៅអោយមន្ត្រី អាជ្ញាធរមានសមត្ថកិច្ចទេនោះ ព្រោះចំណាត់ការហាមចត លើដងផ្លូវដែលត្រូវបានហាមឃាត់នេះ កាលសម័យលោកកែប ជុតិម៉ា នៅជាអភិបាលក្រុង លោកធ្លាប់យកដងផ្លូវព្រះមុនីវង្សធ្វើការសាកល្បងម្ដងហើយ តែមិនមានប្រសិទ្ធិភាពនោះទេ ព្រោះហាងធំៗនៅតាមដងផ្លូវនេះ ភាគច្រើនមិនមានចំណតឯកជនផ្ទាល់ខ្លួន គ្រប់គ្រាន់នោះទេគឺគេប្រើប្រាស់ទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈសំរាប់ធ្វើចំណត ចុងក្រោយស្ងាត់ៗចតពេញផ្លូវវិញដដែល។


ដោយឡែកមានកត្តាមួយចំនួនទៀត ក៏ជាវិធានការទប់ស្កាត់ ការកកស្ទះចរាចរផងដែរ ដូចជាការលើកទឹកចិត្តអោយបង្កើត ចំណតបង់ប្រាក់អោយបានច្រើន ក្រោមការវិនិយោគពីវិស័យឯកជនជាដើម តែបច្ចុប្បន្នមានក្រុមហ៊ុនមួយបានបង្កើត ចំណតបង់ប្រាក់តាមបែបទំនើប នៅមុខនិងខាងជើងវត្តឧណ្ណាលោម ផងដែរ តែតាមការអះអាងពីអគ្គនាយកក្រុមហ៊ុន គឺការបង្កើតចំណតបង់លុយនេះ មិនទទួលជោគជ័យនោះទេ ដោយតាំងពីបង្កើតបានមួយឆ្នាំមកនេះ ក្រុមហ៊ុនមានការខាតបង់ថវិកាជាង ៥មុឺនដុល្លាររួចហើយ។ ការកំណត់អោយរាល់ការបើក ភោជនីដ្ឋានខ្នាតធំៗនៅតាមដងផ្លូវសំខាន់ៗ ម្ចាស់ទីតាំងត្រូវតែមាន ចំណតឯកជនទើបអនុញ្ញាតច្បាប់ អោយក៏ចូលរួមចំណែកកាត់បន្ថយ ការកកស្ទះចរាចរផងដែរ តែកាលសម័យលោកកែប ជុតិម៉ា ឡើងធ្វើអភិបាលក្រុងដំបូង លោកក៏បានប្រកាស ប្រើចំណាត់ការនេះដែល តែក្រោយមកមិនមានប្រសិទ្ធិភាពនោះទេ ព្រោះគេនៅតែឃើញមានភោជនីដ្ឋាន អត់មានចំណតឯកជនបើកជាហូហែរដដែល។


វិធានការឈប់អោយរថយន្តក្រុង ដែលដឹកអ្នកដំណើរទៅតាមបណ្ដាខេត្ត នានាចូលដល់កណ្ដាលក្រុង ក្នុងរង្វង់ខណ្ឌទាំង៤គឺខណ្ឌដូនពេញ ៧មករា ទួលគោក និងចំការមន លើកលែងតែរថយន្ត ដឹកភ្ញៀវទេសចរណ៏ បរទេសក៏ជាវិធានការកាត់បន្ថយការ កកស្ទះចរាចរបានមួយផ្នែកធំផងដែរ។


សរុបសេចក្ដីមកបើសាលារាជ ធានីមានឆន្ទះធ្វើពិតប្រាកដ ច្បាស់លាស់ ជាពិសេសការរៀបចំសណ្ដាប់ធ្នាប់ និងហាមលក់ដូរ និងការហាមចតលើដងផ្លូវ និងការចតល្មើសច្បាប់ផ្សេងៗទៀត អោយមានប្រសិទ្ធភាពនោះ ការកកស្ទះចរាចរនឹងអាចកាត់បន្ថយបានច្រើន អ្នកធ្វើដំណើរនឹងលែងឈឺក្បាល លែងរអ៊ូរទាំ តទៅទៀតជាមិនខាន ខ្លាចតែអនុវត្តទៅមន្ត្រី សមត្ថកិច្ចនៅតាមមូលដ្ឋាន បាត់បង់ផលប្រយោជន៏ប៉ុណ្ណោះ តែលោកអភិបាលរាជធានីល្មម ដល់ពេលធ្វើការវះកាត់ហើយ មិនគួរបន្តអង្គុយបក់ផ្សែងតទៅទៀតនោះទេ រឿងសណ្ដាប់ធ្នាប់ និងចរាចរនៅក្នុងក្រុងនេះ តែក៏មិនគួរធ្វើតាមរបៀបរុញអោយខ្លោច រោជអោយឆៅនោះដែរ៕


ការដាក់តាំងលក់សម្ភារសំណង់បិទជិតចិញ្ចើមផ្លូវនៅតាមផ្លូវមុខសួនច្បារខាងលិចផ្សារចាស់


ការចតរថយន្តបញ្ច្រាសទិសបានស្រេចនឹងចិត្តដោយមិនមានវិធានការពីនគរបាលចរាចរកន្លងមក


ចំណតរថយន្តក្រុងសាធារណៈត្រូវបានគេយកសំរាមទៅចាក់គពីមុខ កន្លងមក


ភាពអនាធិបតេយ្យនៃការកាងហាមមិនអោយរថយន្តអ្នកផ្សេងចតនៅមុខផ្ទះឬកន្លែងប្រកបអាជីវកម្ម


មុខផ្ទះហាងលក់មាសនៅខាងត្បូងផ្សារធំថ្មី នាំគ្នាយកកៅអីដាក់កណ្ដាលថ្នល់ដែលជាកន្លែង ចំណតសាធារណៈដើម្បីកុំអោយ រថយន្តអ្នកផ្សេងចូលចត លើកលែងតែរថយន្តរបស់អតិថិជនខ្លួននាពេលកន្លងមក


ចិញ្ចើមផ្លូវសាធារណៈនៅប្រទេសចិនត្រូវបានគេគូសគំនូសកំណត់អោយអ្នកប្រើប្រាស់ប្រើ