(ព្រះសីហនុ)៖ លោក ទៀ សុខាប្រធានសាខាចលនាយុវជនកម្ពុជាក្រុម១៥៧ ខេត្តព្រះសីហនុ បានដាស់តឿនឲ្យសមាជិកសមាជិកា ចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តព្រះសីហនុ បង្កេីនសកម្មភាពធ្វេីការងារមនុស្សធម៌ និងការងារសង្គមផ្សេងៗ ដើម្បីចូលរួមកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល។

ការថ្លែងនេះរបស់លោក ទៀ សុខា បានធ្វេីឡេីងនៅក្នុងកិច្ចប្រជុំបូកសរុបការងារ ចលនាយុវជនកម្ពុជាក្រុម១៥៧ និងជ្រើសរើសសមាជិក សាខាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទីឹ២៤កក្កដា២០១៦ ស្ថិតនៅទីស្នាក់ការឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកទៀ សុខាថ្លែងបញ្ជាក់ថា អ្នកដែលស្មគ្រ័ចូលរួមក្នុងចលនាយុវជនមួយនេះ គឺត្រូវដាក់ចិត្តដាក់កាយថាជាសកម្មជន ដែលលះបង់កម្លាំងកាយចិត្ត និងធនធានតាមលទ្ធភាពដេីម្បីបរិច្ចាគ ជួយដល់ប្រជាពលរដ្ឋក្រីក្រ ជួយកសាងសមិទ្ធិផលផ្សេងៗក្នុងសង្គម ឧទាហរណ៍ដូចជាសកម្មភាពជួយតាមសាលារៀនក្នុងខេត្តព្រះសីហនុកន្លងមក និងការជួយអភិវឌ្ឍន៍នៅតំបន់អារ៉ែង ក្នុងខេត្តកោះកុងជាដេីម។

ឆ្លៀតក្នុងឱកាសនោះលោក ទៀ សុខា ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងការកោតសសើរពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិកចលនាយុវជនកម្ពុជា ក្រុម១៥៧ និងលោក មឹុង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ ចំពោះសកម្មភាពរបស់បងប្អូនសមាជិក សមាជិកានៃសាខាខេត្តព្រះសីហនុ ទាំងអស់ដែលសំរេចបានលទ្ធផល ល្អប្រសើរនាពេលកន្លងមក ដែលពេលនេះ ចលនាយុវជនកម្ពុជា ក្រុម១៥៧ កំពុងតែល្បីសុះសាយលើឆាកអន្តរជាតិ ផងដែរអំពីសកម្មភាព មនុស្សធម៌មិនចេះរីងស្ងួត និងមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់របស់ខ្លួន ។

 ជាមួយគ្នានេះ លោក ទៀ សុខា ក៏បានបញ្ជាក់ឲ្យដឹងផងដែរថានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ ចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុរួមនិងសាខាខេត្តកោះកុង នឹងអញ្ជើញគ្រូពេទ្យស្ម័គ្រចិត្តរបស់ខ្លួនទៅពិនិត្យ និងព្យាបាលជំងឺជូនដល់ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅក្នុង ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុងផងដែរ។

សូមបញ្ជាក់ថា ក្រុមចលនាយុវជនកម្ពុជា១៥៧ ខេត្តព្រះសីហនុ និងខេត្តកោះកុង ត្រូវបានគេមើលឃើញពីការខិតខំ ប្រឹងប្រែងយ៉ាងខ្លាំង ចំពោះការជួយសង្គ្រោះប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍តាមមូលដ្ឋាន ជាពិសេសនោះ គឺតំបន់អារ៉ែង ដែលមនុស្សស្ទើតែទៅមិនដល់ ព្រោះតែនៅឆ្ងាយ មានព្រៃក្រាក់ និងស្ងាត់ជ្រងំនោះ បានប្រែក្លាយជាទីប្រជុំជន ព្រមទាំងការអភិវឌ្ឍន៍យ៉ាងខ្លាំង៕