(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ​បានចេញលិខិតមួយ ដោយសម្រេចឱ្យ លោក ស្រី ចំរើន ដឹកនាំកម្មករ១០០នាក់ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ នៅម៉ោង២៖០០រសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះ ដើម្បីដាក់ញត្តិជូនរដ្ឋសភា ប្រឆាំងនឹងការផ្តល់គំនិតរបស់ លោក សម រង្ស៊ី ឱ្យសហគមន៍អឺរ៉ុប បិទទីផ្សារនាំចេញរបស់កម្ពុជា។

តាមលិខិតរបស់ តំណាងសាលារាជធានីភ្នំពេញ ចេញដោយ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីជួបជុំគ្នានៅទីលានប្រជាធិបតេយ្យរួចហើយ លោក ស្រី ចំរើន ត្រូវចាត់តំណាង១០នាក់​ ដើម្បីយកញត្តិដាក់ជូនរដ្ឋសភា ហើយត្រូវរក្សាសណ្តាប់ធ្នាប់ឱ្យបានល្អ។

សូមជំរាបថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ វិទ្យុបារាំងអន្តរជាតិ ដែលផ្សាយជាភាសាខ្មែរ បានចុះផ្សាយអំពីការផ្តល់គំនិតរបស់លោក សម រង្ស៊ី ដោយដាក់ចំណងជើងធំៗនៅលើគេហទំព័ររបស់ខ្លួនដែរថា «លោកសម រង្ស៊ី ប្រាប់អឺរ៉ុបឲ្យបិទទីផ្សារនាំចេញសម្លៀកបំពាក់ ហើយបើកវិញជាមួយ លក្ខខណ្ឌ»។ វិទ្យុនេះក៏បានដកស្រង់សម្តីរបស់ លោក សម រង្ស៊ី ជាភាសាបារាំង ហើយបកប្រែជាភាសាខ្មែរថា «ប្រធានគណបក្សសង្រ្គោះជាតិ ថាបើសហភាពអឺរ៉ុបលូកដៃក្នុងរឿងនាំចេញសម្លៀកបំពាក់នេះ គឺមិនមែនកម្មករ ឬប្រជាជនតូចតាចទេដែលប៉ះពាល់ គឺពួកថៅកែធំៗ មេឈ្មួញធំៗទៅវិញទេ ដែលប៉ះពាល់»

ទោះជាយ៉ាងណា លោក សម រង្ស៊ី កាលពីថ្ងៃទី២១ ខែកក្កដា​ បានបដិសេធថា លោកមិនបានស្នើឱ្យអឺរ៉ុប បិទទីផ្សារកម្ពុជានោះទេ។ ប៉ុន្តែមុននឹងបដិសេធនេះ Facebook របស់លោក ក៏បានយកព័ត៌មាននេះពីវិទ្យុបារាំងទៅចុះផ្សាយបន្តផងដែរ ខណៈដែលការបដិសេធត្រូវបានធ្វើឡើង ក្រោយពីមានប្រតិកម្មនានាកម្មករ សហជីព និយោជក និងរាជរដ្ឋាភិបាល៕