(ភ្នំពេញ)៖ ក្រុមអតីតសិស្សព្រែកកំពឹស រួមគ្នាជាមួយអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ក្រុមយុវជនកាយរិទ្ធ កាកបាទក្រហម និងយុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស បានចូលរួមដាំកូនឈើ ក្នុងវិទ្យាល័យសម្តេច ហ៊ុន សែន ព្រែកកំពឹស និងក្នុងមូលដ្ឋានសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចំនួន​ ៤០០ដើម ដោយក្នុងនោះរួមមាន ប្រភេទកូនឈើគគី ២០០ដើម និងកូនឈើធ្នុង ២០០ដើម។

ការដាំកូនឈើនេះ ត្រូវបានរៀបចំឡើងនៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ក្រោមប្រធានបទ «មានដើមឈើ យើងមានជីវិត»។

លោក សំ ប៊ុណ្ណា នាយកសាលា និងលោកចៅសង្កាត់រងព្រែកកំពឹស ជំនួសមុខជូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមគោរពថ្លែងអំណរគុណ ចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលបានផ្តល់កូនឈើ សម្រាប់ការដាំដុះនៅក្នុងសាលា ហើយនេះ គឺជាសក្ខីភាពនៃការបណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងជាការជម្រុញលើកទឹកចិត្តដល់ពលរដ្ឋទូទៅ និងយុវជនដទៃទៀត ឲ្យចូលរួមថែរក្សាការពារបរិស្ថាន​​ជាមួយរាជរដ្ឋាភិបាល និងការដាំដុះកូនឈើបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ដល់សហគមន៍ និងកូនចៅជំនាន់ក្រោយ៕