(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» បានអះអាងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋជាច្រើននៅស្រុកចំការលើ បានរិះគន់ លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ ជុំវិញរឿងប្រាប់ឱ្យសហគមន៍អឺរ៉ុប បិទទីផ្សារនាំចូលសម្លៀកបំពាក់ពីប្រទេសកម្ពុជា។

ការអះអាងរបស់បែបនេះ របស់កញ្ញា​ ធី សុវណ្ណថា បានធ្វើឡើងបន្ទាប់ពីនាងបានរៀបចំវេទិកាមួយ នៅស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានប្រជាពលរដ្ឋនៅមូលដ្ឋាននោះចូលរួមប្រមាណ ៨០០នាក់។

នៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា បានសរសេរអះអាងថា «ល្ងាចនេះ វេទិកា(ទី១៩) ស្រុងចំការលើ ខេត្តកំពង់ចាម ពលរដ្ឋ៨០០នាក់ពលរដ្ឋស្រុកនេះ រិះគន់ខ្លាំងលើលោក សម រង្សី ដែលស្នើឲ្យអឺរ៉ុប បិទទីផ្សារសំលៀកបំពាក់ពីកម្ពុជា»។

សូមជំរាបថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ វិទ្យុបារាំងអន្តរជាតិ ដែលផ្សាយជាភាសាខ្មែរ បានចុះផ្សាយអំពីការផ្តល់គំនិតរបស់លោក សម រង្ស៊ី ដោយដាក់ចំណងជើងធំៗ នៅលើគេហទំព័ររបស់ខ្លួនដែរថា «លោកសម រង្ស៊ី ប្រាប់អឺរ៉ុបឲ្យបិទទីផ្សារនាំចេញសម្លៀកបំពាក់ ហើយបើកវិញជាមួយ លក្ខខណ្ឌ»។ វិទ្យុនេះ ក៏បានដកស្រង់សម្តីរបស់ លោក សម រង្ស៊ី ជាភាសាបារាំង ហើយបកប្រែជាភាសាខ្មែរថា «ប្រធានគណបក្សសង្រ្គោះជាតិ ថាបើសហភាពអឺរ៉ុបលូកដៃក្នុងរឿងនាំចេញសម្លៀកបំពាក់នេះ គឺមិនមែនកម្មករ ឬប្រជាជនតូចតាចទេដែលប៉ះពាល់ គឺពួកថៅកែធំៗ មេឈ្មួញធំៗទៅវិញទេ ដែលប៉ះពាល់»

ទោះជាយ៉ាងណា លោក សម រង្ស៊ី កាលពីថ្ងៃទី២១ ខែកក្កដា​ បានបដិសេធថា លោកមិនបានស្នើឱ្យអឺរ៉ុប បិទទីផ្សារកម្ពុជានោះទេ។ ប៉ុន្តែមុននឹងបដិសេធនេះ Facebook របស់លោក ក៏បានយកព័ត៌មាននេះ ពីវិទ្យុបារាំងទៅចុះផ្សាយបន្តផងដែរ ខណៈដែលការបដិសេធ ត្រូវបានធ្វើឡើង ក្រោយពីមានប្រតិកម្មនានាកម្មករ សហជីព និយោជក និងរាជរដ្ឋាភិបាល៕