(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតតូចយុវជនអូស្រ្តាលី បានគ្រងតំណែងជើងឯក ពានយុវជនអាស៊ាន AFF U-16 Youth 2016 នៅទឹកកម្ពុជា ក្រោយយកឈ្នះ U-16 វៀតណាម ដោយបាល់ប៉េណាល់ទី​កាត់សេចក្តី ៥-៣ ក្នុងវគ្គផ្តាច់ព្រ័ត្រមុននេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងជំនួបដ៏ស្វិតស្វាញនារាត្រីថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦ វៀតណាមបានធ្វើការនាំមុខ ១-០ នៅនាទីទី៣៥ និងគ្រាប់ទី២ នៅនាទីទី៥៥ មុនពេលដែលអូស្រ្តាលី ទាត់បាល់ពិន័យប៉េណាល់ទី​បានគ្រាប់វិញនៅនាទីទី៥៧។

តែយ៉ាងណាក៏ដោយ វៀតណាមបន្ថែមគ្រាប់ទី៣ ទៀតនៅនាទីទី៧៧ តែត្រូវបានអូស្រ្តាលី តាមស្មើវិញនៅនាទីទី៨២ និងនាទីទី៩០+៤ ដោយពុំមានការបន្ថែមម៉ោង ១៥នាទី ២ដងឡើយ សម្រេចទាត់បាល់ប៉េណាល់ទីយកតែម្តង ដោយអូស្រ្តាលី ធ្វើសម្រេចបាន ៥គ្រាប់ ខណះដែលវៀតណាម ធ្វើបានតែ ៣គ្រាប់ប៉ុណ្ណោះ ដូចលទ្ធផលទម្លាក់ U-16 ថៃក្នុងវគ្គ៤ក្រុមផងដែរ។

រាប់ទាំងលើកនេះទៀត U-16 អូស្រ្តាលី បានឈ្នះពានជើកឯក AFF U-16 Youth បាន២លើកហើយក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១៦ និងបានសងសឹកវៀតណាម បានសម្រេចផងដែរ ក្រោយធ្លាប់ចាញ់ ៣-០ កាលពីប្រកួតសន្សំពិន្ទុក្នុងពូល A ដោយមាន U-16 ជាប់លេខ៣ និងម្ចាស់ផ្ទះកម្ពុជា ជាប់លេខ៤ ដែលចាប់ផ្តើមការប្រកួតពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានស្តាតចាស់ និងស្តាតអូឡាំពិក៕