(ភ្នំពេញ)៖ «ការផ្តល់ដីនៅតំបន់ទន្លេសាបដល់ក្រុមហ៊ុនផ្សេងៗ ដើម្បីវិនិយោគ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវឈប់ផ្តល់ឲ្យចាប់ពីពេលនេះតទៅ ហើយត្រូវទុកដីធ្លី ទាំងនោះឲ្យប្រជាពលរដ្ឋយើងធ្វើស្រែវិញ» នេះបើយោងតាមការបញ្ជាក់​របស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅលើ Facebook សម្តេចនាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។

ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបញ្ឈប់ការផ្តល់ដីនៅ​តំបន់ទន្លេសាបនេះ ធ្វើឡើងនៅពេលដែល​សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះ សំណាលជាមួយមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្តកំពង់ធំ បន្ទាប់ពីសម្តេចបានចាក​ចេញពីខេត្តសៀមរាប បន្តដំណើរមកកាន់ខេត្តកំពង់ធំ នាថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០១៦។ សម្តេចតេជោ ក៏បានកោតសរសើរការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការនៅទូទាំងខេត្តកំពង់ធំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋ និងបានរួមគ្នាកសាងអភិវឌ្ឍន៍​ខេត្តកំពង់ធំនេះឲ្យកាន់តែរីកចម្រើនទៅមុខ។

សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅលើ Facebook យ៉ាងដូច្នេះថា៖
កាលពីព្រឹកមិញបន្ទាប់ពីបានចុះសួរសុខទុក្ខជាមួយបងប្អូនអាជីវករផ្សារស្ទឹងសែន (ហៅផ្សារចាស់) នៅទីរួមខេត្តកំពង់ធំរួចមក ខ្ញុំបានមកជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំង​ប្រដាប់អាវុធ​ខេត្តកំពង់ធំជាបន្តទៀត មុនវិលត្រឡប់មកកាន់​ទីក្រុងភ្នំពេញកាលពីរសៀលនេះ។

ខេត្តកំពង់ធំក៏ជាអតីតសមរភូមិក្តៅកាលពីជំនាន់សង្គ្រាមស៊ីវិល ដែលផ្លូវថ្នល់ និងស្ពានមួយភាគធំ​ត្រូវបានបំផ្លាញដោយ​គ្រាប់មីនតែពេលនេះ ខេត្តកំពង់ធំ កំពុងរីកលូតលាស់ជាបន្តបន្ទាប់។ ផ្លូវថ្នល់ និងស្ពានតូចធំត្រូវបានជួសជុល និងកសាងថ្មីឡើងវិញដើម្បីបម្រើសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ពាណិជ្ជករ និងទេសចរណ៍ជាតិ និងអន្តរជាតិ។ សព្វថ្ងៃនេះយើងសង្កេត​ឃើញមានរថយន្ត​ដឹកទំនិញ តូចធំ គ្រប់ប្រភេទនិងរថយន្តក្រុងដឹកភ្ញៀវទេសចរណ៍ ជាច្រើនខ្សែធ្វើដំណើរកាត់តាមខេត្តកំពង់ធំ។

ទន្ទឹមនឹងការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ឋជាតិ សូមបងប្អូនមន្ត្រីរាជការប្រឹងប្រែង​យកចិត្ត​ទុកដាក់ដោះស្រាយ​ក្នុងការផ្តល់​នូវ​សេវាសាធារណៈ សេវាសំណូមពរ និងសេវាតម្រូវការ​ចាំបាច់នានាដូចជា ការធ្វើ​អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៌ពិពាហ៌ និងសំបុត្រកំណើតជាដើម…។ល។  ត្រូវតាំងចិត្តខិតខំកែលម្អភាព អសកម្មនានា និងចូលរួមកសាងអំពើល្អអោយបានច្រើននៅក្នុងសង្គម ដោយចាប់ផ្តើម​ពីខ្លួនយើងមុនគេ និងជាមួយ​ប្រជាពលរដ្ឋ ព្រមទាំងបុគ្គលិកនៅជុំវិញខ្លួនយើង រហូតដល់ស្រុក ឃុំ និងភូមិជាដើម។

កាលពីព្រឹកមិញនេះដែរ ខ្ញុំបានឆ្លើយបំភ្លឺនិងដោះស្រាយបញ្ជាក់ជូន​អាជីវករលក់ដូរអំពីអាណត្តិផ្សារ​ស្ទឹងសែន (អតីតផ្សារចាស់នៃទីរួម​ខេត្តកំពង់ធំ) ពីព្រោះបងប្អូនមួយចំនួន​ទទួលព័ត៌មាន​មិនច្បាស់។ ចាប់ពីពេលនេះទៅ​ផ្សារនេះនឹងផ្តល់ជូន​បងប្អូនអាជីវករលក់ដូរ​នៅទីនេះអស់មួយជីវិត។ រីឯការផ្តល់ដីនៅតំប​ន់ទន្លេសាបដល់​ក្រុមហ៊ុនផ្សេងៗដើម្បីវិនិ​យោគ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវឈប់ផ្តល់ឲ្យ​ចាប់ពីពេលនេះតទៅ ហើយត្រូវទុកដីធ្លីទាំង​នោះអោយប្រជាពលរដ្ឋយើងធ្វើស្រែវិញ។

ជាមួយគ្នានេះដែរ ខ្ញុំសូមកោតសរសើរការ​ខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការនៅទូទាំងខេត្តកំពង់ធំ និងអាជ្ញាធរគ្រប់​លំដាប់ថ្នាក់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋ និងបានរួមគ្នាកសាងអភិវឌ្ឍន៍​ខេត្តកំពង់ធំនេះអោយកាន់តែរីក​ចម្រើន​ទៅមុខ។ ខ្ញុំសូមជូនពរបងប្អូនមន្ត្រីរាជការជួបប្រទះតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា៕