(ក្រចេះ)៖ ខ្យល់កន្រ្តាក់លាយលំជាមួយភ្លៀង បណ្ដាលឲ្យដួលផ្ទះប្រជាពលរដ្ឋ​៤៤ខ្នងដួលរលំ និង​មនុស្ស៦នាក់រងរបួស​ធ្ងន់ ស្រាល ​នៅថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៦ ​ចំណុចនៅភូមិប្រម៉ា ឃុំកពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ហេង សុថា អភិបាលស្រុកឆ្លូង បានឲ្យភ្នាក់ងារ Fresh News ដឹងថា ផ្ទះពលរដ្ឋដែលបានដួលរំលំដោយសារខ្យល់កន្រ្តាក់នោះ មានចំនួន៤៤ខ្នង ផ្ទះសង់ពីឈើ ប្រកសង្ហ័សីទាបៗ ដួលទាំងស្រុង​ចំនួន១២ផ្ទះ ប៉ើងដំដំបូលចំនួន២ផ្ទះ ហើយផ្ទះសង់ពីឈើខ្ពស់ ប្រកសង្ហ័សីដួលទាំងស្រុងចំនួន២ខ្នង និងប៉ើងដំបូល​២៨ខ្នង។

លោកអភិបាលស្រុក បញ្ជាក់ទៀតថា ក្នុងហេតុការខ្យល់កន្រ្តាក់នេះ បណ្ដាលឲ្យមនុស្សរងបួសធ្ងន់ស្រាល៦នាក់ ស្រី៤នាក់ តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតនោះទេ ហើយអ្នករងរបួស ទី​១-ឈ្មោះ ថូ វឿន ភេទស្រី អាយុ៥១ឆ្នាំ រងរបួសធ្ងន់ត្រូវក្បាល, ទី២-ឈ្មោះប៊ន​ ដាលីន ភេទស្រី អាយុ១៧ឆ្នាំ រងរបួសធ្ងន់ត្រូវចំក ទី៣-ឈ្មោះស្រី សំអឿន ភេទប្រុស អាយុ៦៧ឆ្នាំ រងរបួសធ្ងន់ត្រូវក្បាល ទី៤-ឈ្មោះផុន ភីន ភេទស្រី អាយុ២៥ឆ្នាំ រងរបួសធ្ងន់ត្រូវដៃ ទី៥-ឈ្មោះអួយ សីហា ភេទប្រុស អាយុ១០ឆ្នាំ រងបួសស្រាលត្រូវជើង និងទី៦-ឈ្មោះអួយ ធីតា ភេទស្រី អាយុ៨ឆ្នាំ រងរបួសធ្ងន់ត្រូវខ្នង ហើយអ្នករងរបួសទាំងអស់នេះកំពុងសំរាក់ព្យាលបាលនៅពេទ្យឯកជននៅភូមិកើតហេតុខាងលើ។

ពាក់ព័ន្ធនឹងគ្រោះធម្មជាតិនេះដែរ លោកអភិបាលស្រុកឆ្លូង បានធ្វើសំណើរមកអភិបាលខេត្ត និងសាខាកាកបាតក្រហមខេត្ត ដើម្បីសុំជំនួយជនរងគ្រោះ៕