(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦នេះ បុរសម្នាក់ដែលអំពាវនាវចង់ឲ្យមានការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បានបន្តបង្ហាញវិដេអូថ្មី មួយទៀត ដោយលើកនេះបុរសម្នាក់នោះ​បានអះអាងជាសាធារណៈនៅលើបណ្តាញសង្គម Facebook ថា ខ្លួនជាអតីតមន្រ្តីយោធា នៅកងពលតូចលេខ៣ នៅខេត្តព្រះវិហារ និងជាសមាជិកក្រុមរណសិរ្សរំដោះជាតិខ្មែរ។

វិដេអូដែលមានរយៈពេលជិត៦នាទី បង្ហោះនៅលើ Facebook ឈ្មោះ «សៀមរាបអង្គរ» បុរសនោះបានឲ្យដឹងថា ខ្លួនឈ្មោះ សោម សវុណ្ណារ៉ា ជាសមាជិក ក្រុមរណសិរ្សរំដោះជាតិខ្មែរតាំងពីឆ្នាំ២០០៥ ហើយរណសិរ្សនេះដឹកនាំដោយលោក សម សារី មានទីស្នាក់ការនៅប្រទេសដាណឺម៉ាក និងអតីតទាហាន នៅកងពលអន្តរាគមន៍លេខ៣ កាន់ខាងការិយាល័យ វិស្វកម្មជំនាញកុំព្យូទ័រ ដែលជាអ្នក​គ្រប់គ្រង​លើបណ្តាឯកសារផ្សេងៗ និងបានបដិសេធចំពោះលោក សម រង្ស៊ី ផងដែរ, ដែលបានលាបពណ៌លើខ្លួនគេថា ជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា។   

ពាក់ព័ន្ធនឹងការបន្តចេញផ្សាយវិដេអូថ្មីលើកនេះ Fresh News នឹងសុំការបំភ្លឺពីខាងក្រសួងការពារជាតិ នៅពេលបន្តិចទៀតនេះ។

សូមជំរាបថា សំណុំរឿងបុរសម្នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន​ បាន​បញ្ជូន​សំណុំ​រឿង​ទៅដល់ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ​ហើយ​​។ សាលាដំបូងរាជធានីភ្នំពេញ កំពុងចាត់ចែងតាមនីតិវិធីច្បាប់។  

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការ ដ្ឋាននគរបាលជាតិ បានអះអាងថា ក្រុមដែលប្រកាសធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា គ្រាន់តែជាការឆក់​ឱកាស បង្កចលាចលក្នុងសង្គមប៉ុណ្ណោះ ប៉ុន្តែពួកគេមិនមានលទ្ធភាពតតាំង ជាមួយរាជរដ្ឋាភិបាលកម្ពុជាទេ៕