(កោះកុង)៖ លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ដ្រីជំនាញក្រោមឱវាទ ចុះពិនិត្យស្ថាន​ការស្ដារប្រព័ន្ធលូក្នុងសង្កាត់២ ដែលបានកកស្ទះដោយ ដីល្បាបកាលពីសប្ដាហ៍មុន។  ​

លោក ផៃធូន ផ្លាមកេសន បានលើកឡើងថា ដើម្បីឲ្យប្រជាពលរដ្ឋអស់កង្វល់ ហើយត្រូវមានជំនឿទៅលើអាជ្ញាធរ ក្រោយពីការចុះសិក្សាពីបញ្ហាការកកស្ទះ ទឹកកាលពីសប្តាហ៏មុន រួមទាំងស្ថាប័នជំនាញផងនោះ រួចរាល់មកថ្ងៃនេះការដាក់បញ្ញាតិ គឺត្រូវតែអនុវត្តន៏ឲ្យបាន ឆាប់រហ័សទាន់មេឃរាំង តែថ្ងៃនេះការសន្យារបស់លោក បានធ្វើការជូនបងប្អូនដោយមិនឲ្យខកបំណងឡើយ ហើយនេះក៏ជាតួនាទីរបស់អាជ្ញាធរដែរ។ បន្ថែមពីនេះ លោកក៏បានឲ្យមន្រ្តីថ្នាក់ក្រោមទាំងអស់ ត្រូវយកចិត្តទុកដាក់មើលពី ទីកន្លែងណាដែលមានភ្លៀងធ្លាក់ ​ដែលត្រូវកកស្ទះ ហើយត្រូវរកវិធីសាស្រ្តណា ដើម្បីបញ្ជៀសទឹកឲ្យហូរបានលឿន ដើម្បីឲ្យប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរ។

ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏សូមធ្វើការអំពាវរនាវដល់ បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថានឲ្យគ្រប់ៗ គ្នាត្រូវវេចខ្ចប់សំរាម ទុកដាក់ឲ្យបានត្រឹមត្រូវ ហើយដាក់ក្នុងធុងសំរាម វាងាយស្រួលក្នុងការប្រមូលរបស់ក្រុមហ៊ុន ដឹកយកទៅចោលនៅទីលានចាក់សំរាម។ លោកបញ្ជាក់ថា ​សូមបងប្អូនកុំយកសំរាម ទៅចោលក្នុងប្រព័ន្ធលូ នាំឲ្យមានការកកស្ទះហូរទឹកអត់រួច វានាំឲ្យបង្កើតភាពស្អុយសាយភាយ នាំមកឲ្យប៉ះពាល់សុខភាពកើតជម្ងឺ ខាតទាំងពេលវេលា ខាតទាំងថវិកា អញ្ចឹងហើយបងប្អូនត្រូវចូលរួម ថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា៕