(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតតូចយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមយុវជន U-16 ថៃ ដើម្បីដណ្តើម ចំណាត់ថ្នាក់លេខ៣ នារសៀលម៉ោង ៣៖៣០នាទីថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងព្រឹត្តិការណ៍ពានរង្វាន់ យុវជនអាស៊ីអាគ្នេយ៍ AFF U-16 Youth Championship 2016 នៅទឹកដីកម្ពុជា។

នេះជាការប្រកួតរវាងក្រុមដែលជ្រុះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ដោយ U-16 របស់ម្ចាស់ផ្ទះកម្ពុជា បានចាញ់ U-16 វៀតណាម ១-០ ទាំងប្រផិតប្រផើយ ក្រោយពេលក្រុមការពារ តំណែងជើងឯក U-16 ថៃ បានចាញ់ U-16 អូស្រ្តាលី ដោយបាល់ប៉េណាល់ទី ៥-៣ កាត់សេចក្តី បន្ទាប់ពីប្រកួតពេញម៉ោងស្មើលទ្ធផល ៣-៣ ដោយពុំមានបន្ថែម ម៉ោង ១៥នាទី២ដងឡើយកាលពីថ្ងៃទី២១ ខែកក្កដា នៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា។

ពិតជាស្វិតស្វាញខ្លាំងឡើងថែមទៀត ត្បិតក្រុមគោព្រៃជំទង់កម្ពុជា ធ្លាប់ចាញ់ U-16 ថៃ ៦-០ កាលពីប្រកួតសន្សំពិន្ទុ ក្នុងពូល B ដែលជាការបរាជ័យលើកដំបូង ក្នុងចំណោមលេង៤ប្រកួត ឈ្នះ៣ មិនដែលស្មើនៃយុទ្ធនាការ AFF U-16 Youth 2016 នេះ។

U-16 កម្ពុជា ត្រូវជួប U-16 ថៃ ដណ្តើមចំណាត់ថ្នាក់លេខ៣ ម៉ោង ៣៖៣០នាទីរសៀលនេះ មុនពេល U-16 វៀតណាម ប៉ះក្រុម U-16 អូស្រ្តាលី ដណ្តើមពាន AFF U-16 Youth Championship 2016 នៅម៉ោង ៦៖៣០នាទី ល្ងាចនេះនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា៕

U-16 អូស្រ្តាលី

U-16 វៀតណាម

U-16 កម្ពុជា

U-16 ថៃ