(បាងកក)៖ ការបើករថយន្តបុករះនៅទីសក្តារៈបូជា Erawan ក្នុងទីក្រុងបាងកក ដែលធ្លាប់ទទួលរងការ វាយប្រហារដោយបំផ្ទុះគ្រាប់បែកស្លាប់មនុស្សរាប់សិបនាក់នោះ មិនមែនជាអំពើភេរវកម្មនោះឡើយ ខណៈមនុស្សចំរុះជាតិសាសន៍ ០៦នាក់បានទទួលរងរបួស។ នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ នាព្រឹកសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦។

រថយន្ត Toyota sedan បានបើកសម្រុកចូលហ្វូងមនុស្ស ដែលកំពុងស្ថិតនៅជុំវិញទីសក្ការៈដ៏ល្បីល្បាញ របស់ថៃខាងលើនេះ ដែលប៉ូលិសអះអាងថាអ្នកបើកបរទំនងជាបានភាំងនឹងរឿងអ្វីមួយ រួចក៏បាត់បង់ ភាពម្ចាស់ការក្នុងការបញ្ជារថយន្ត ទើបបណ្តាលឲ្យកើតហេតុភេទនេះឡើង ប៉ុន្តែប៉ូលិសថៃបានបញ្ជាក់ថា មិនមែនជាសញ្ញានៃអំពើភេរវកម្មអ្វីនោះឡើយ។

សម្រាប់ជនជាតិដែលរងរបួសក្នុងហេតុការណ៍នោះមានដូចជា ឥណ្ឌូណេស៊ី ២នាក់, សិង្ហបុរី ២នាក់, ចិនម្នាក់ និងអ្នកបើកបរជនជាតិថៃម្នាក់។ ហេតុការណ៍ដែលបានកើតឡើងកាលពីយប់ថ្ងៃសុក្រនេះ ធ្វើឲ្យគ្រប់គ្នានឹកឃើញដល់ការបំផ្ទុះគ្រាប់បែកកាលពីខែសីហា ឆ្នាំ២០១៥ នៅកន្លែងដដែលនេះ បានបណ្តាលឲ្យមនុស្ស ២០នាក់ស្លាប់៕