(ពោធិ៍សាត់)​៖ កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលក្រុងពោធិ៍សាត់ បានចុះធ្វើការល្បាតត្រួតពិនិត្យ នៅក្នុងមូលដ្ឋានសមត្ថកិច្ច របស់ខ្លួន ហើយឈានទៅដល់ឃាត់ខ្លួន មុខសញ្ញាចោរកម្ម និងប្រើ​ប្រាស់សារធាតុញៀន ចំនួន៣នាក់ ព្រ​មទាំងដកហូតវត្ថុតាង មួយចំនួន។

ការបង្ក្រាបនេះធ្វើឡើងនៅរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់យីហោ យិនស៊ិនថ្មី បន្ទប់លេខ៦ ស្ថិតក្នុង ភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ឈន រិទ្ធិ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនាព្រឹកនេះថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ ម៉ម ផាន់និត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ឃាត់ខ្លួនពីបទចោរកម្ម ២-ឈ្មោះ យ៉ន បូរ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ឃាត់ខ្លួនពីបទប្រើប្រាស់ នូវសារធាតុញៀន ខុសច្បាប់ ៣-ឈ្មោះ ធឿន ម៉ី ភេទស្រី អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះសំណាក់យីហោ យិនស៊ិនថ្មី ឃាត់ខ្លួនពីបទប្រើប្រាស់ នូវសារធាតុ ញៀនខុសច្បាប់។

លោកអធិការបានបន្តថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចរបស់យើង បានរកឃើញថង់សម្រាប់ច្រកថ្នាំញៀន៥ថង់, ទុយោ៧, ដបសម្រាប់ជក៣ដប, ដែកកេះ១, ទូរស័ព្ទចាស់ៗ ៥គ្រឿង, ទូរស័ព្ទ SAMSUNG ព័ណ៌ស២គ្រឿង, ទូរស័ព្ទNokia ៣គ្រឿង, ដុំសាកថ្ម១ និងទូរទស្សន៍ SAMSUNG ២៤" ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានឃុំខ្លួន និងរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្ត ធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕