(ភ្នំពេញ)៖​ យុជនម្នាក់បានរងរបួស និងម៉ូតូរងការខូចខាត ដោយសារបុរសស្រវឹងម្នាក់បើករថយន្ត​ Range Rover ទៅបុកពេញទំហឹង នាម៉ោង១៖៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៦​ ស្ថិតនៅតាមផ្លូវ២៧១​ កែងនិងផ្លូវទេពផន​ ក្នុងសង្កាត់​ ទឹកល្អក់ទ៣​ ខណ្ឌទួលគោក​ ។

អ្នកដែលឃើញហេតុការណ៌បានប្រាប់ថា មុនកើតហេតុគេបានឃើញបុរសស្រវឹងម្នាក់​ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក​ Range Rover ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2Y-8899 តាមបណ្តោយផ្លូវ២៧១​ ក្នុងល្បឿនយ៉ាងលឿន​ លុះបើកមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវកែងបុរស ដែលស្រវឹងបើករថយ​ន្ត​ ស៊េរីទំនើបនោះ​ បានបត់ទៅផ្លូវទេពផន​ ដែលជាផ្លូវកែងមិនបានបង្អង់ល្បឿនទេ​ ស្របពេលនោះក៏មានយុវជនម្នាក់​ ជិះម៉ូតូមួយគ្រឿងម៉ាក​ Dream ដែលបើកទឹសដៅច្រាស់គ្នា ជាមួយនឹងរថយន្តបានមកដល់​ ក៏ធ្វើឲ្យ​រថយន្តដែលបើកដោយបុរសស្រវឹង​រូបនោះ​ ជ្រុលទៅបុកពេញទំហឹង​ជាមួយម៉ូតូ​បណ្តាលឲ្យ​ យុវជន​ជាម្ចាស់ម៉ូតូរងរបួស​ មុខនិងក្បាល​ និងម៉ូតូរងការខូចខាតយ៉ាងដំណំផងដែរ​។

ឃើញដូចនោះម្ចាស់រថយ​ន្ត​ Range Rover  ដែលស្រវឹងនោះមិនបានរត់ទៅណាទេ​ គឺនៅឈប់ដោះស្រាយសងសំណងទៅយុវជន​ ដែលជាម្ចាស់ម៉ូតូ​ ដោយមិនឲ្យរំខានដល់សម្ថកិច្ចឡើយ​៕