(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០១៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ស្ពឺ​ បានឃាត់ខ្លួន​ជនជាតិវៀតណាមចំនួន១៣នាក់ (ស្រីម្នាក់) ពីបទជិះម៉ូតូពាក់ស្លាកលេខវៀតណាមចំនួន១១គ្រឿង ដើរលក់តង់ និងប្រើប្រាស់ទិដ្ឋាការខុសទិសដៅ។

លោកឧត្តមសេនីយ៍ អ៊ុក ហៃសិលា ប្រធាននាយកដ្ឋាននាយកដ្ឋានស៊ើបអង្កេត និងអន្តវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការឃាត់ខ្លួននេះធ្វើឡើង នៅចំណុចផ្ទះសំណាក់ ថ្មត្រជាក់ ភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនមក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរ និងធ្វើការបណ្តេញចេញឲ្យទៅ ប្រទេសរបស់ខ្លួនវិញ។

គួររំលឹកផងដែរ ជនបរទេសទាំងឡាយ ដែលប្រើប្រាស់ មធ្យោបាយធ្វើដំណើរ មិនមែនជាស្លាកលេខរបស់កម្ពុជា ត្រូវធ្វើការទាក់ទងទៅមន្រ្តីគយ និងសមត្ថកិច្ចពាក់ព័ន្ធ តាមបណ្តាច្រកទ្វារអន្តរជាតិនៃកម្ពុជា ឲ្យបានត្រឹមត្រូវតាមច្បាប់ និងប្រើប្រាស់ទិដ្ឋាការឲ្យចំទិសដៅ៕