(ភ្នំពេញ)៖ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ បានអនុញ្ញាតឲ្យ លោក Li Zhu Qun អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការ គួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ ខណៈដែលរូបលោក​មកបំពេញ​ទស្សនកិច្ចការងារ​នៅកម្ពុជា។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងក្រសួងសន្តិសុខ​សាធារណរដ្ឋប្រជា​មានិតចិន ដែលកន្លងមកតែងតែជួយ ឧបត្ថម្ភគាំទ្រ ទាំងឧបករណ៍​សម្ភារៈ ថវិកា និងជួយក្នុងការបណ្ដុះបណ្ដាល ដល់មន្ត្រីនគរបាលជាតិកម្ពុជា។ ជាពិសេសនៅពេលខាងមុខ ក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន នឹងជួយសាង​សង់អគារទីស្នាក់​ការកណ្ដាលថ្មី របស់អគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។

ក្នុងឱកាសនេះក៏សូមថ្លែងអំណរគុណចំពោះក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន ដែលបាននាំយកអ្នកជំនាញមកពិនិត្យសិក្សា លើគម្រោងប្លង់របស់អគារទីស្នាក់ថ្មី។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ លើកឡើងថា ដោយមានកិច្ច​សហប្រតិបត្តិការគ្នាល្អរវាង នគរបាលកម្ពុជា និងនគរបាលចិន កន្លងមកនគរបាលទាំងពីរបានរួម គ្នាបង្រ្កាប​ទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (VOIP) និងបទល្មើស ឧក្រិដ្ឋឆ្លងដែន បានជោគជ័យជាច្រើនករណី។

លោក Li Zhu Qun អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណ​រដ្ឋប្រជាមានិតចិន បានកោតសរសើរដល់នគរបាលកម្ពុជា ក្នុងការរួមសហការគ្នាបង្ក្រាបបទល្មើស ជាពិសេសនាពេលថ្មីៗកន្លងមកនេះ នគរបាលកម្ពុជា បានបង្ក្រាប និងបញ្ជូនជនជាតិចិន ៣៩នាក់ លើករណីបទល្មើស តាម ប្រព័ន្ធបច្ចេកវិទ្យា (VOIP) បានដោយជោគជ័យ។ លោក Li Zhu Qun ស្នើឲ្យនគរបាលកម្ពុជា និងនគរបាលចិនបន្តកិច្ចសហប្រតិបត្តិការ​ល្អជាមួយ គ្នាបន្តទៀត ក្នុងការប្រយុទ្ធប្រឆាំង​អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើស​តាមប្រព័ន្ធបច្ចេកវិទ្យា៕