(បាត់ដំបង)៖ លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានដឹកនាំមន្ដ្រីជំនាញទាំងអស់ សហការជាមួយមន្ទីរ​ពាណិជ្ជកម្ម និងការិយាល័យអប់រំ ស្រុក នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាព​ម្ហូបអាហារ ដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យពេជ្រចិន្តា ស្ថិតនៅភូមិពេជ្រចិន្តា ឃុំចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមានចូលរួមពី​សិស្សា​នុសិស្ស​ជាង៦០០នាក់។

លោក ហាក់ សុខរិន បានថ្លែងថា វគ្គផ្សព្វផ្សាយសុវត្ថិភាពចំណីអាហារនេះ គឺធ្វើឡើងក្នុងគោលបំណងឲ្យ សិស្សានុសិស្សមាន ចំណេះដឹងជាមូលដ្ឋានអំពីអ្វីទៅដែលហៅថា «សុវត្ថិភាពម្ហូបអាហារ» និងដោយឡែកគឺបានបង្ហាញឲ្យប្អូនៗយល់ដឹងអំពីផល ប៉ះពាល់ នៃសារធាតុគីមី ហាមឃាត់លើម្ហូបអាហារ។ លោកបន្ដថា វគ្គផ្សព្វផ្សាយក៏បានលំអិតអំពីរបៀបនៃការពិនិត្យមើល អនាម័យលើ​ចំណីអាហារផ្ទាល់ ការដាក់តាំងលក់ និងការពិនិត្យភាពមត់ចត់ នៃសំបកវេចខ្ចប់ និងរបៀបមើលកាលបរិច្ឆេទ​ផុតកំណត់ប្រើប្រាស់​ផងដែរ។ លើសពីនេះទៀត វគ្គផ្សព្វផ្សាយនេះ ក៏បានសង្កត់​ធ្ងន់ដែរឲ្យប្អូនៗ បានយល់ដឹងអំពីតួនាទីអ្នកប្រើប្រាស់ ក្នុងក្របខណ្ឌ នៃការរួមចំណែកទប់ស្កាត់ការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាពលើទីផ្សារ។

លោកក៏បានបញ្ជាក់ដែរថា វគ្គផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានរៀបចំធ្វើឡើង​បន្តបន្ទាប់ដោយមន្ត្រីជំនាញ នៃអគ្គនាយ​កដ្ឋានកាំកុងត្រូល នៅតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ ឃុំ ស្រុក ខេត្ត ក្រុងទាំង២៤ និងតាមបណ្តាគ្រឹះស្ថានអប់រំនានា ទូទាំងប្រទេស។

ជាងនេះទៅទៀត មន្ត្រីជំនាញកាំកុងត្រូល ក៏បានសំណូមពរ ឲ្យបងប្អូនអាជីវករ ពាណិជ្ជករ មេត្តាសហការជាមួយ​សមត្ថកិច្ច ធានានូវភាពទទួល​ខុសត្រូវខ្ពស់ កុំលាក់លៀមទីតាំងផលិត ប្រភពនាំចូល ក៏ដូចជាការបន្តការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាព ហើយការទិញដូរត្រូវតែមានវិក័យប័ត្រច្បាស់លាស់ ឬទទួលទិញទំនិញណាដែលស្គាល់ប្រភព និងអាស័យដ្ឋានត្រឹមត្រូវងាយស្រួល​ដល់សមត្ថកិច្ច​ចាត់ វិធានការផ្លូវច្បាប់៕