ឱក សុគ្ធកញ្ញា នាំ​យក​ថវិកា១​ម៉ឺនដុល្លារ ឧបត្ថម្ភដល់​​មន្ទីរពេទ្យគន្ធបុប្ផា

(ភ្នំពេញ)៖ តារារូបស្រស់ប្រចាំផលិតកម្ម ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា កាលពីថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០១៦នេះ បាននាំយកថវិកាចំនួន១ម៉ឺនដុល្លារ ដែល​បាន​មកពីការឧបត្ថម្ភ របស់​សប្បុរ​ស​ជន​ ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ក្នុងការជួយសង្គ្រោះ​អាយុ​ជីវិតកុមារ។

កញ្ញា ឱក សុគន្ធកញ្ញា បានសរសេរបង្ហោះ​​នៅលើហ្វេសប៊ុកមុននេះបន្តិចថា «ថ្ងៃនេះនាងខ្ញុំបា​នទៅ​ដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយនាំយកថវិកា​ចំនួន ៤០,​០០០,០០០ រៀលដែលស្មើរ​នឹងទឹកប្រាក់ ១ម៉ឺនដុល្លារ ផ្តល់​ដោយខនដូ The View Residence សូមថ្លែងអំណរគុណ​ដល់ម្ចាស់​ក្រុ​ម​ហ៊ុន ដែលបានផ្តល់ក្តីស្រឡាញ់ និងយកចិត្តទុកដាក់ដល់កុមារ​កម្ពុជា សូមជូនពរឲ្យក្រុហ៊ុន The View Residence ទទួលបាននូវ​ភាពជោគជ័យ សូមអរគុណ!»

នេះមិនមែនទើបជាលើកទី១នោះទេ ដែលតារាសម្តែងរូបស្រស់ កញ្ញា ឱក សុគន្ធកញ្ញា បាន​បង្ហា​ញ​ក្នុងតាមរយៈសកម្មភាពមនុស្សធម៌ ជួយសង្គម ពោលជារឿយៗ នាងតែងតែចូលរួមធ្វើអំពើមនុស្ស​ធ៌​នានា ដូចជា ចុះចែកអំណោយដល់កុមារកំព្រា និងប្រ​ជាពលរដ្ឋក្រីក្រ នៅតាមស​ម​គមន៍​មួយចំនួន។

សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីពេទ្យធំជាងគេ នៅប្រទេសកម្ពុជា ដែលមានគោល​កា​រ​ណ៍​មនុស្សធម៌ផ្តោតសំខាន់ លើការព្យាបាល និងសេវាសុខភាពដោយឥតគិតថ្លៃ សម្រាប់កុមារ​នៅកម្ពុជា​អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រោមជំនួយថវិកា​ពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសស្វីស ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ មន្ទីរពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ និងជាកកន្លែងផ្តល់ក្តីសង្ឃឹម ដល់កុមារនៅប្រទេសកម្ពុជា ជាពិសេសកុមារក្រីក្ររាប់ម៉ឺននាក់ ដែលឪពុកម្តាយពួកគេទាំងនោះ ខ្វះលទ្ធភាព ដើម្បីស្វែងរកសេវាព្យាបាលជំងឺ ដល់កូនៗ៕