(មណ្ឌលគិរី)៖ ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានម្ចាស់បំណុល ចុះទៅរុះរើយកអស់គ្មានសល់ ទាំងបំពានច្បាប់ ធ្វើឲ្យក្រុម​គ្រួសារគាត់ គ្មានកន្លែងស្នាក់នៅ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។ មូលហេតុដែលនាំឲ្យមានការរុះរើផ្ទះខាងលើនេះ គឺដោយសារតែប្តី-ប្រពន្ធ និងកូនតូចៗទាំង២នាក់ បានខ្ចីលុយគេមួយចំនួន យក​ទៅរកស៊ី ស្រាប់តែថ្លៃការឡើងដល់៤ពាន់ដុល្លារ ក៏អត់លុយសង ស្រាប់តែត្រូវម្ចាស់លុយចុះមករុះរើផ្ទះតែម្តង ខណៈដែលពួកគេទៅលេងបងប្អូន។ ដោយសារតែជួបបញ្ហាដ៏ធំនេះបានធ្វើឲ្យម្ចាស់ផ្ទះ គ្មានជំរកស្នាក់នៅ ហើយសុំកិច្ចអន្ដរាគម៍ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

លោក ខ្វើង ខត អាយុ២៨ឆ្នាំ ជាជនជាតិព្នង មានប្រពន្ធឈ្មោះ អ៊ុន សុភាព អាយុ២៦ឆ្នាំ បានឲ្យដឹងថា មុនដំបូងពួកគេបានទៅចងការលុយពីឈ្មោះ ឡឹក ផល្លី មានប្រពន្ធឈ្មោះ ភុន ណារី ចំនួន​៤០ម៉ឺនរៀល រួចបន្តខ្ចី១លានរៀលថែមទៀត ពី៣ទៅ៤ដង ដោយម្ចាស់ប្រាក់កំណត់ថា១លានរៀលយកការប្រាក់៣៧៥,០០០រៀល ហើយគាត់បានព្យាយាមបង់​ការប្រាក់ជារៀងរាល់ខែ​មិនដែលខាន​នោះទេ។ លោកបញ្ជាក់ថា ១ខែចុងក្រោយនេះ គាត់មិនបានបង់ការប្រាក់នោះទេ ស្រាប់តែម្ចាស់ប្រាក់ បានបូកទាំងដើម ទាំងការបញ្ចូលគ្នា ហើយឃើញថា គាត់ជំពាក់សរុបជាង៤០០០ដុល្លារ។ លោកបន្ដថា ប៉ុណ្ណឹង ក៏ប៉ុណ្ណឹងចុះគាត់ព្រមទទួលសងមិនប្រកែកឡើង ស្រាប់តែគ្រួសាររបស់គាត់ជាប់រវល់ទៅមើលបងប្អូនឈឺប៉ុន្មានថ្ងៃ លុះត្រឡប់មកវិញនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ ស្រាប់តែមិនឃើញផ្ទះដោយសារតែម្ចាស់បំណុលនាំគ្នា រុះរើសខ្ទេចគ្មានសល់។ នៅរសៀលថ្ងៃទី២២ ខែកក្កដា នេះ គាត់បាននាំប្រពន្ធ និងកូន២នាក់មកប្ដឹងសមត្ថកិច្ចខេត្តមណ្ឌលគិរី ដើម្បីឲ្យជួយ​រកយុត្តិធម៌ ដល់ក្រុមគ្រួសាររបស់គាត់ផង ដែលត្រូវបានម្ចាស់បំណុលបំពានសិទ្ធិ ដោយរុះរើផ្ទះ ហើយគាត់បានប្ដឹងទាមទារសំណងជម្ងឺ៤០លានរៀលផងដែរ។ ពាក់ព័ន្ធបញ្ហានេះដែរ លោក ខ្លឹម មើល មេភូមិឡៅការ បានប្រាប់ថា រឿងនេះលោកមិនបានដឹងសាច់រឿងនោះទេ។ ចំណែកលោក អិន អៀវ ចៅសង្កាត់សុខដុម បានបញ្ជាក់ប្រាប់ថា រូប គាត់បានប្រាប់ទៅម្ចាស់ប្រាក់ដែរថា កុំឲ្យធ្វើការរុះរើផ្ទះ របស់គេវាជារឿងខុសច្បាប់ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយម្ចាស់ប្រាក់នៅតែបំពាន។

លោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ ឲ្យដឹងនៅរសៀលថ្ងៃនេះដែរថា ទង្វើបែបនេះគឺជារឿងខុសច្បាប់។ ក្នុងនោះលោក សូរ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា រឿងរ៉ាវនេះ​លោក​កំពុងចាត់ចែងឲ្យអធិការក្រុង អញ្ជើញឈ្មោះអ្នករុះរើផ្ទះ ដោយខុសច្បាប់នោះមកសួរនាំ និងចាត់ការបន្ត។ រីឯ លោក កាន់ ពេញ អធិការ ក្រុងសែនមនោរម្យ បានបញ្ជាក់ថា លោកកំពុង​បញ្ជូនមន្រ្តី​នគរបាល​របស់អធិការក្រុងឲ្យទៅអញ្ជើញ ឈ្មោះឡឹក ផល្លី និងឈ្មោះភុន ណារី មកសួរនាំពាក់ព័ន្ធការរុះរើផ្ទះរបស់អ្នកស្រុក ដោយខុសច្បាប់ បំពានច្បាប់ និងថែមទាំងគ្មានអំណាច​ពីតុលាការទៀត​ផង។

សូមជំរាបថា នៅខេត្តមណ្ឌលគិរី មានក្រុមអ្នកមានប្រាក់ជាច្រើន បាននាំគ្នាដាក់ប្រាក់កម្ចី ជាលក្ខណៈឯកជន ដែលមានអត្រាការប្រាក់ខ្ពស់កប់ពពក ដែលទង្វើបែបនេះ គឺជាការរំលោក​លើច្បាប់​ធនាគារជាតិនៃកម្ពុជាយ៉ាងធ្ងន់ធ្ងរ៕