ក្រុមគ្រួសារសព លោក កែម ឡី ស្នើឲ្យអ្នកចូលរួមហែ ជៀសវាងបង្កអំពើហិង្សា ដែលនាំឲ្យរំខានដល់ការដង្ហែសព និងមានទំនួលខុសគ្នារៀងៗខ្លួន
22-07-2016 15:55
(ភ្នំពេញ)៖ ក្រុមគ្រួសារសព លោកបណ្ឌិត កែម ឡី បានចេញលិខិតមួយ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ដែលចូលរួម ក្នុងការដង្ហែសព នៅថ្ងៃទី២៤ ខែកក្កដា ខាងមុខនេះ ប្រកាន់ខ្ជាប់នូវគោលការណ៍ មិនបង្កឲ្យមានអំពើហិង្សា ឯអរិយភាពផ្សេងៗដែលនាំឲ្យរំខាន ទៅដល់ដំណើរហែសព លោក កែម ឡី។
ក្រៅពីការស្នើនេះ ក្រុមគ្រួសារសព ក៏សុំឲ្យប្រជាបលរដ្ឋកាន់ទុក្ខ និងគោរពវិញ្ញាក្ខន្ធ លោកបណ្ឌិត កែម ឡី ប្រកាន់ខ្ជាប់នូវមេត្តាធម៌ សីលធម៌ខ្ពស់ ធម៌អហិង្សា និងហ្មត់ចត់។ ក្រៅពីនោះ ក៏មានការស្នើកុំឲ្យអ្នកចូលរួម យកអាវុធជាតិផ្ទុះ ឬឧបករណ៍ដែលអាចនាំឲ្យគ្រោះថ្នាក់ និងជាពិសេសនោះ សូមឲ្យមានការទទួលខុសត្រូវរៀងៗខ្លួន នូវសម្ភារៈ និងសុវត្ថិភាព។
គួរបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ក្រុមគ្រួសារសព លោកបណ្ឌិត កែម ឡី សម្រេចដង្ហែសព លោក ចេញពីវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ឆ្ពោះទៅកាន់មហាវិថីព្រះមុនីវង្ស និងផ្លូវសហព័ន្ធរុស្សី រួចបន្តដល់រង្វង់មូលចោមចៅ និងធ្វើដំណើរតាមផ្លូវជាតិលេខ៣ រហូតដល់ផ្លូវអង្គតាសោម រួចបត់ឆ្វែង បន្តដំណើរទៅប្រមាណជា ៨.៥ គីឡូម៉ែត្រ ដល់ផ្ទះបុណ្យសព៕