(កំពង់ស្ពឺ)៖ កូនៗ និងសាច់ញាតិ របស់សពបុរសវ័យចំណាស់ម្នាក់ ដែលស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅវេលាម៉ោងជិត៩យប់ នៅលើផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៦-៧៧ ក្នុងភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយត្រូវបានសមត្ថកិច្ចមូលដ្ឋានអះអាង ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តរបស់ខ្លួនថយក្រោយកិននោះ បានអំពាវឲ្យលោកភិបាលខេត្តកំពង់ស្ពឺ វ៉ី សំណាង ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោកស្នងការនគរបាលខេត្ត កែវ ពិសី ជួយបើកការស៉ើបអង្កេត ករណីការស្លាប់នេះឡើងវិញ ព្រោះមានភស្តុតាងជាច្រើន ដែលសង្ស័យថា ជាករណីឃាតកម្ម។

លោក លាង ប៊ុនហាក់ អាយុ៣៦ឆ្នាំ ជាកូនប្រុសរបស់ លោក ឈាង ឆា ភេទប្រុសអាយុ៥៦ឆ្នាំ ដែលមានមុខរបរជាអ្នកលក់គ្រឿងម៉ាស៊ីន និងគោយន្ត នៅភូមិចំបក់ស ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចអះអាងថា បានស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ រថយន្តខ្លួនឯងថយក្រោយកិននោះ បានប្រាប់អង្គភាព Fresh News លោក និងក្រុមគ្រួសារ ព្រមទាំងសាច់ញាតិ មិនជឿទេថា ការស្លាប់របស់ឪពុកខ្លួន ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះ លោកជឿជាក់ថា ការស្លាប់នេះ អាចជាករណីឃាតកម្ម ប្លន់យកទ្រព្យសម្បត្តិ។

លោក លាង ប៊ុនហាក់ បានឲ្យដឹងថា សាកសពរបស់ឪពុករបស់លោក បានស្លាប់ក្នុងថ្លុកឈាម ហើយនៅសៀតផ្កាផ្នែកខាងឆ្វេង ទទួលនូវការវាយប្រហារយ៉ាងខ្លាំង ដែលធ្វើឲ្យគាត់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ជាមួយគ្នានេះ លោកធ្លាប់ទទួលដំណឹងពី អ្នកឃើញហេតុការណ៍ថា មុនកើតហេតុមានមនុស្សប្រមាណ២-៣ នាក់ បាននិយាយជាមួយគាត់។ ចំពោះហេតុផលថា រថយន្តថយក្រោម បុកស្លាប់នោះ ក៏ដូចជាមិនទំនងនោះទេ។

លោកប​ន្តថា ខ្លួនមិនដឹងថា ឪពុករបស់គាត់មុនពេលស្លាប់ មានលុយប៉ុន្មានចាប់ខ្លួនទេ ប៉ុន្តែក្រោយពេលស្លាប់គឺសល់លុយតែ១ម៉ឺន ៥ពាន់រៀលប៉ុណ្ណោះ។ ខណៈមានទូរស័ព្ទមួយគ្រឿងទៀត នៅជាប់នឹងដៃ។  

កូនប្រុស និងសាច់ញាតិ ជនរងគ្រោះបានឲ្យដឹងថា «ខ្ញុំ និងក្រុមគ្រួសារ សំណូមពរឲ្យលោកអភិបាលខេត្តកំពង់ស្ពឺ វ៉ី សំណាង និង លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ កែវ ពិសី ជួយជំរុញឲ្យមានការស៉ើបអង្កេត ករណីនេះឲ្យបានច្បាស់លាស់ និងស្វែងរកការពិតជូនគ្រួសាររបស់ខ្ញុំផងដែរ ខណៈពាក្យបណ្តឹងយើងខ្ញុំបានដាក់ទៅអធិការស្រុកឳរ៉ាល់ ប៉ុន្តែហាក់គ្មានចំណាត់ការនោះឡើយ ដូចជាចង់ផ្អឹបរឿងនេះចោលអីចឹង»

លោក ប៊ុនហាក់ បានឲ្យដឹងថា លោកនិងក្រុមគ្រួសារបានដាក់ពាក្យបណ្តឹង នៅអធិការនគរបាលស្រុកឱរ៉ាល់ ប៉ុន្តែនគរបាលហាក់ដូចជា មិនយកចិត្តទុកដាក់លើរឿងនេះសោះ ដូច្នេះមានតែលោកអភិបាលខេត្ត និងលោកស្នងការនគរបាលទេ អាចអន្តរាគមន៍ស្វែងរកការពិតបាន។   

សូមជម្រាបថា បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច មុខពេលកើតហេតុ ជនរងគ្រោះ បានបើករថយន្ត ម៉ាក Toyota Vigo ពណ៌ទឹកប្រាក់ ក្នុងទិសដៅពីលិចទៅកើត ក្នុងស្ថានភាពស្រវឹង ដល់កន្លែងកើតហេតុបានឈប់រថយន្ត ក៏បើទ្វាររថយន្តដើម្បីអោនក្អួត រួចធ្លាក់ទៅដី ហើយរថយន្តបានរអិលថយក្រោយ ហើយក៏ត្រូវរថយន្តថយក្រោយកិនស្លាប់ នៅកន្លែងហើយឡានធ្លាក់ចូលប្រឡាយតែម្តង។

សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះធ្វើការពិនិត្យកន្លែងកើតហេតុ បានធ្វើកោសល្យវិច្ឆ័យរួចបានសន្និដ្ឋានថា ជនរងគ្រោះស្រវឹង ពេលបើកបរក៏ឈប់រថយន្ត បើកទ្វារដើម្បីក្អូត ក៏ធ្លាក់ដី ហើយរថយន្តកិនស្លាប់តែម្តង ។ សមត្ថកិច្ចបញ្ជាក់ថា ចំណុចកើតហេតុជាចំណុចផ្លូវឡើងទើប បណ្តាលឲ្យរថយន្តរអិលថយក្រោយ កិនម្ចាស់ខ្លួនឯងស្លាប់ និងធ្លាក់ប្រឡាយ៕