(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញសារនៅលើទំព័រ Facebook ផ្លូវការរបស់សម្ដេចថា ប្រាសាទអង្គរវត្ត ជារៀងរាល់ថ្ងៃបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ ជាពិសេសភ្ញៀវអន្ដរជាតិ បានយកចាយលុយក្នុងការដើរកម្សាន្ដនៅលើទឹកដីកម្ពុជា និងជាឱកាសក្នុងការផ្ដល់ការងារ មុខរបរ ព្រមទាំងប្រាក់ចំណូលខ្ពស់ដល់ប្រជាពលរដ្ឋកម្ពុជា។

សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ជារៀរាល់ថ្ងៃ ប្រាសាទអង្គរវត្ត បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ ក្នុងមួយឆ្នាំៗមានភ្ញៀវទេសចរណ៍​មកទស្សនាកម្ពុជា​យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារតែប្រទេសយើង មានប្រាសាទអង្គវត្តដ៏ល្បីល្បាញ រួមទាំប្រាង្គប្រាសាទនានា ជាច្រើនពាន់ប្រាសាទស្ថិតនៅ ក្នុងទឹកដីនៃខេត្តសៀមរាបនេះ»។ សម្ដេចបន្ដថា «ភ្ញៀវទេចរណ៍ ដែលមកពីប្រទេសឆ្ងាយៗដូចជា អឺរ៉ុប អាមេរិក កូរ៉េ ជប៉ុន និងចិន ជាដើមនោះ គឺពួកគេបានយកថវិកាមកចាយវាយ ក្នុងដំណើរកម្សាន្តនៅលើទឹកដីកម្ពុជាដែលបានផ្តល់នូវការងារ មុខរបរ និងប្រាក់ចំណូលខ្ពស់សមរម្យ ដែលបានកែប្រែជីវភាព រស់នៅរបស់ប្រជាពលរដ្ឋយើង អោយកាន់តែប្រសើរធូរធារឡើង»

ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវការតាំងចិត្តថាយ៉ាងមុតមាំថា នឹងខិតខំថែរក្សាការសន្តិភាព ដើម្បីប្រជាពលរដ្ឋ​មានឱកាសកាន់តែច្រើនឡើង ក្នុងការកសាងជីវភាពគ្រួសារ និងសង្គមទាំមូល៕