(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានដាក់ផែនការដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ជាពិសេស ទប់ស្កាត់បទល្មើស ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកាន់តែខ្លាំងឡើង។

ការជំរុញបន្តពង្រឹងបញ្ហាសន្តិសុខខាងលើនេះ បានធ្វើឡើងខណៈដែលលោកឧត្តមសេនីយ៍ និងលោកស្រី ព្រមទាំងមន្ត្រីអាវុធហត្ថក្រោមឱវាទនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នេះ បាននាំយកទៀនវស្សា និងគ្រឿងបរិក្ខាប្រគេនតាមវត្តចំនួន៨នៅស្រុកកូនមុំ ខេត្តរតនគិរី។

ក្នុងពិធីនេះលោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានថ្លែងថា ទេយ្យវត្ថុ និងទេយ្យទាន នាំយកមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានាពេលនេះក្នុង១វត្តៗ ទទួលបានរួមមានទៀនព្រះវស្សា១គូ មី៤កេះ ស្ករស៣គីឡូក្រាម ទឹកដោះគោ៥កំប៉ុង ទឹកត្រី៤យូរ ទឹកស៊ីអ៊ីវ៤យូរ ទឹកសុទ្ធ២កេះ អង្ករ១បេ ទឹកផ្លែឈើ១កេះ ត្រីខ១យូរ ប្រេងម៉ាស៊ួត១កាន និងបច្ច័យ១,១៧០,០០០រៀល។ លោកបានបន្តថា បច្ច័យ និងគ្រឿងឧបភោគ បរិភោគ ទាំងនេះបានមកពីទឹកចិត្តសទ្ធាជ្រះថ្លារបស់មន្ត្រីអាវុធហត្ថខេត្តរតនគិរី ៕