(បន្ទាយមានជ័យ)៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានមិនឲ្យមាន​ការដោះដូរ ចំណតរថយន្តក្រុងសិរីសោភ័ណ កាលពីម្សិលមិញនោះ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋ ក្រុមអាជីវករ អ្នករត់តាក់ស៊ី និងអ្នកធ្វើដំណើរជាច្រើននាក់ បានសាទរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចយ៉ាងខ្លាំង ពីព្រោះចំណតរថយន្តចាស់​ជាកន្លែង​ឆ្នាំង​បាយរបស់ពួកគាត់ ដើម្បីចិញ្ចឹមគ្រួសារ។

ចំណតរថយន្តក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺជាស្នាដៃបន្សល់ទុកតាំងពី ជំនាន់បារាំងត្រូវបានសម្តេចតេជោ សម្រេចប្រគល់ទុកជូនពលរដ្ឋ​ទូទៅប្រើប្រាស់ជាប្រយោជន៍​រួមដោយហាមធ្វើការ​ផ្លាស់ប្តូរ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានមិនឲ្យមានការ ដោះដូរចំណតរថយន្តក្រុងសិរីសោភ័ណ ដើម្បីរក្សាទុកដែលចំណតសល់ពីសម័យបារាំងមួយ ដើម្បីទុកអោយពលរដ្ឋប្រកប មុខរបរបន្ដទៅទៀត។ ការព្រមានរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសដែលសម្តេចជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ខេត្តបន្ទាយ​មានជ័យ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ។ សម្ដេចបានបញ្ជក់ថា «ចំណតរថយន្តចាស់ក្រុងសិរីសោភ័ណ គឺគ្មានការដោះដូរឡើយ គឺត្រូវចូលរួមថែរក្សាទុក និងរៀបចំអភិវឌ្ឍន៍ឲ្យបានល្អ ដើម្បីក្រុងមានសោភ័ណភាព ទាក់ទាញភ្ញៀវទេសចរ ចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតអាចស្នាក់ ជ្រក នៅក្រុងសិរីសោភ័ណ ផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយ​មាន​ជ័យយើង»

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំងបី ស្ថាប័នខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត បម្រើការងារជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕