(ពោធិ៍សាត់)៖ វគ្គផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានរៀបចំធ្វើឡើងបន្តបន្ទាប់ដោយមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកាំកុងត្រូល នៅតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ ឃុំ ស្រុក ខេត្ត ក្រុងទាំង២៤ និងតាមបណ្តាគ្រឹះស្ថានអប់រំនានាទូទាំងប្រទេស។

ដោយឡែកនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្សអនុវិទ្យាល័យពោធិ៍សាត់ចំនួន៣៥០នាក់ និងលោកគ្រូអ្នកគ្រូមួយចំនួនទៀត ដែលកម្មវិធីនេះ ក៏មានការចូលរួមគ្រូបង្គោលចំនួន០២រូបពីអគ្គនាយកដ្ឋានផងដែរ។

លោក ហ៊ុយ ភារម្យ ប្រធានសាខាខេត្តពោធិ៍សាត់ថ្លែងថា វគ្គផ្សព្វផ្សាយសុវត្ថិភាពចំណីអាហារនេះ ធ្វើឡើងក្នុងគោលបំណងឲ្យ សិស្សានុសិស្សមាន ចំណេះដឹងជាមូលដ្ឋានអំពីអ្វីទៅដែលហៅថា «សុវត្ថិភាពម្ហូបអាហារ ពីកសិដ្ឋានដល់តុបរិភោគ» និងដោយឡែក គឺបង្ហាញឲ្យប្អូនៗយល់ដឹងអំពីផល ប៉ះពាល់ នៃសារធាតុគីមីពីធម្មជាតិ និងសារធាតុគីមីហាមឃាត់លើម្ហូបអាហារ វិធានការណ៍ទប់ស្កាត់ ការរីកដុះដាលនៃបាក់តេរី ដោយផ្តោតធ្ងន់លើការកំចាត់បាក់តេរីដោយប្រើវិធានការធំៗ៤យ៉ាង គឺការលាង, ការញែក, ការក្លាសេឬបង្កក និងការចំអិន។

វគ្គផ្សព្វផ្សាយក៏បានលំអិតអំពីរបៀបនៃការពិនិត្យមើល អនាម័យលើចំណីអាហារផ្ទាល់ ការដាក់តាំងលក់ និងការពិនិត្យភាពគត់មត់នៃសំបកវេចខ្ចប់ និងរបៀបមើលកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ផងដែរ។ លើសពីនេះទៅទៀត វគ្គផ្សព្វផ្សាយនេះ ក៏បានសង្កត់ធ្ងន់ដែរឲ្យប្អូនៗ បានយល់អំពីតួនាទីអ្នកប្រើប្រាស់ ក្នុងក្របខណ្ឌ នៃការរួមចំណែកទប់ស្កាត់ការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាពលើទីផ្សារ។

មន្ត្រីជំនាញកាំកុងត្រូលក៏បានសំណូមពរ ឲ្យបងប្អូនអាជីវករ ពាណិជ្ជករ មេត្តាសហការជាមួយសមត្ថកិច្ច និងធានានូវភាពទទួលខុសត្រូវខ្ពស់ កុំលាក់លៀមទីតាំងផលិត ប្រភពនាំចូល ក៏ដូចជាការបន្តការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាព ហើយការទិញដូរត្រូវតែមានវិក័យប័ត្រច្បាស់លាស់ ឬទទួលទិញទំនិញណាដែលស្គាល់ប្រភព និងអាស័យដ្ឋានត្រឹមត្រូវងាយស្រួលដល់សមត្ថកិច្ចចាត់ វិធានការផ្លូវច្បាប់។ ជួសមុខថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកាំកុងត្រូល សូមសំណូមពរដល់សិស្សនុសិស្ស ចៀសវៀងឧ្យឆ្ងាយពីគ្រឿងញៀន និងបារីជាដើម៕