(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំប្រតិភូសមាជិកក្រុមប្រឹក្សាភិបាល នាំយកលិខិតដាក់ជូនលោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីស្នើសុំពិចារណាទៅលើសំណើរបស់លោក សម រង្សី ដែលបានសុំឱ្យសហភាពអឺរ៉ុបបង្កកការនាំសម្លៀកបំពាក់ និងស្បែកជើង ពីកម្ពុជាទៅលក់នៅទីផ្សារដ៏ធំមួយនេះ។

លោក សោម អូន បានប្រាប់ទៅលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថា «ក្នុងនាមលោកតំណាងឱ្យកម្មករនិយោជិតនៃប្រទេសកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទង្វើដ៏យ៉ុងខ្នងរបស់លោក សម រង្សី ដែលបានស្នើឱ្យសហភាពអឺរ៉ុប បញ្ឈប់ការនាំផលិតផលសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជា ដែលសំណើនេះ វាជាសញ្ញាណអវិជ្ជមានមួយធ្វើឱ្យកម្មករនិយោជិតមានកង្វល់ និងមិនសប្បាយចិត្ត ចំពោះបំណងចង់ឱ្យពួកគាត់ជួបនូវវិប្បត្តិអត់ការងារធ្វើ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពគ្រួសាររបស់ពួកគាត់រាប់លាននាក់ទៀត។

ប្រធានសហជីពឯករាជ្យរូបនេះ ក៏បានស្នើយ៉ាងទទូចដល់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា សូមពិចារណាឱ្យបានហ្មត់ចត់ និងកុំធ្វើតាមសំណើរបស់លោក សម រង្សី ពីព្រោះការបើកទីផ្សាររបស់សហភាពអឺរ៉ុបនាំចូលផលិតផលពីកម្ពុជា គឺវាបានផ្តល់ការងារ និងមុខរបរយ៉ាងធំធេង សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយបច្ចុប្បន្ននេះ ប្រជាពលរដ្ឋរាប់លាននាក់កំពុងតែពឹងផ្អែកចាំបាច់ លើវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។

ឆ្លើយតបនឹងសំណើនេះ លោក George EDGAR បានលើកឡើងថា មកដល់ពេលនេះ ខាងស្ថានទូតរបស់លោកមិនទាន់បានឃើញលិខិតផ្លូវការនៃសំណើរបស់លោក សម រង្សី ក្នុងន័យស្នើឱ្យសហភាពអឺរុបបញ្ឈប់ការនាំចូលផលិតផលពីកម្ពុជានោះទេ ដោយឮតែតាមព័ត៌មានប៉ុណ្ណោះ ហើយលោកនឹងពិនិត្យសិក្សាទៅលើលិខិតសំណើរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលស្នើឱ្យទៅសហភាពអឺរ៉ុប ដើម្បីពិនិត្យពិចារណាលើករណីនេះ។

សូមជម្រាបថា ទំហំពាណិជ្ជកម្មកម្ពុជា និងសហភាពអឺរ៉ុប មាចំនួនទឹកប្រាក់ប្រមាណ៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៥ ក្នុងនោះប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ និងស្បែកជើងទៅកាន់ទីផ្សារអឺរ៉ុប មានទំហំចំនួន៣ពាន់លានដុល្លារ ដែលស្មើនឹង៤៥ភាគរយ៕