(ចិន)៖ បុគ្គលិកនៃក្រុមហ៊ុនបច្ចេកវិទ្យាចិន Hangzhou Bina Industrial Technology Company បាន​​ឲ្យដឹងថា ពួកគេប្រឈមមុខនឹងការដេញចេញពីក្រុមហ៊ុន បើសិនជាពួកគេនៅបន្តប្រើប្រាស់​ iPhone ឬទិញ​ iPhone ជំនាន់ថ្មី ដោយវិធានការនេះ ត្រូវបានធ្វើឡើងក្រោយពេល​តុលាការ​អន្តរជាតិក្រុងឡាអេ សម្រេចក្ដីឲ្យ​ចិន ចាញ់ហ្វីលីពីន ក្នុងជម្លោះសមុទ្រចិនខាងត្បូង។

ក្រុមហ៊ុនចិនមួយនេះ បានបំផុះគំនិតស្នេហាជាតិ ដោយបាន​ចេញសេចក្ដីប្រកាសជាផ្លូវការមួយថា ​សម្រាប់​បុគ្គលិកទាំងអស់ ដែលប្ដូរចិត្តមកប្រើទូរស័ព្ទក្នុងស្រុក និងទទួលបានប្រាក់​លើកទឹកចិត្ត ចំណែក​បុគ្គលិក​ណា ដែលទិញ iPhone ថ្មី នឹងត្រូវបណ្ដេញចេញពីក្រុមហ៊ុន ព្រមទាំងជាប់ឈ្មោះជាបុគ្គលិកមិនល្អថែមទៀតផង។

សម្រាប់បុគ្គលិកដែលប្រើ iPhone 6 នឹងទទួលបានប្រាក់​សំណង ៣៧៥ដុល្លារ, iPhone 5 ទទួលបាន ២២៥​ដុល្លារ និង iPhone 4 ទទួលបាន ១៥០ដុល្លារ ហើយ iPhone ទាំងនោះ ក្រុមហ៊ុននឹងយក​ទៅ​បំផ្លាញ​ចោល។

ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានខាងក្រុមហ៊ុន Apple ពន្យល់ថា ប្រហែលជាមានការយល់ត្រឡប់ណាមួយ ទើប​ក្រុមហ៊ុនចិនខាងលើ ធ្វើដូច្នេះ​ ប៉ុន្តែតំណាងក្រុមហ៊ុនចិននេះ បានអះអាងថា វាមិនមែនជារឿងយល់ប្រឡំនោះទេ គឺជារឿងស្នេហាជាតិ ព្រោះ Apple ជាក្រុមហ៊ុនអាមេរិក។

គួរបញ្ជាក់ផងដែរថា កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួនទទួលបានជោគជ័យ​​ទៅលើទីផ្សារស្មាតហ្វូនប្រទេសចិន​ ដោយតួលេខនៃការលក់បានច្រើនជាង Samsung៕